(សេអ៊ូល)៖ កូរ៉េខាងត្បូង​បាននិយាយថា ការធ្វើតេស្ដ​សាកល្បងម៉ូទ័រ​គ្រាប់រ៉ុក្កែត​របស់​កូរ៉េខាងជើង គឺបង្ហាញ​យ៉ាងច្បាស់​ពីការរីកចំរើន​ដ៏សំខាន់ ជុំវិញការអភិវឌ្ឍ​ម៉ូទ័រគ្រាប់រ៉ុក្កែតនំាផ្កាយរណប​ទៅកាន់គន្លង​តារាវិថី ខណៈអ្នក​ជំនាញមួយចំនួន​យល់ថា​ ទីក្រុងព្យុងយ៉ាង​នឹងប្រើ​បច្ចេកវិទ្យានេះ​ដើម្បីផលិត​គ្រាប់មីស៊ីល ​ផ្លោងអន្តរទ្វីប ICBM​ ដែលមានភាពខ្លាំងជាងមុន។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន អ្នកនាំពាក្យ​រងក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង លោក Lee Jin-woo បានលើក​ឡើងដូច្នេះ​ថា «តាមរយៈការ​ធ្វើតេស្ដ​សាកល្បងនេះ ម៉ូទ័រ​គ្រាប់រ៉ុក្កែត​កូរ៉េខាងជើង កាន់តែមានភាពរីកចំរើន​ទៅមុខ។ ក៏ប៉ុន្តែ​អ្វីដែលសំខាន់​នៅពេលនេះ គឺត្រូវតែ​មានការវិភាគស៊ីជម្រៅមួយ​សំដៅ​បញ្ជាក់​ថា តើកូរ៉េខាង​ជើង នឹងប្រើប្រាស់​បច្ចេកវិទ្យានេះ​ក្នុងគោលបំណង​អ្វីឱ្យប្រាកដ»

គួរបញ្ជាក់ថា​កាលពីថ្ងៃអាទិត្យ​សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះ​ត្រួតពិនិត្យ​ និងបញ្ជា​ដោយផ្ទាល់​ចំពោះការសាកល្បង​ម៉ូទ័រគ្រាប់រ៉ុក្កែត​ដ៏មានឥទ្ធិពល​នាពេលថ្មីៗ​នេះ ហើយលោក​ថែមទាំងបានអះអាងដែរថា ជោគជ័យ​នៃការ​សាកល្បងនេះ​ជាកំណើតថ្មី​មួយ នៃ​ឧស្សាហកម្ម​គ្រាប់រ៉ុក្កែត​កូរ៉េខាងជើង៕