(ប៉ារីស)៖ ប៉ូលិសបារំាង​បានសួរចម្លើយ និងសម្រេច​ដោះលែង​សាច់ញាតិ​របស់បុរស​ម្នាក់​ ដែលត្រូវ​បានបាញ់​សម្លាប់​នៅឯអាកាសយានដ្ឋាន​ Orly ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃចុង​សប្ដាហ៍​ក​ន្លងទៅ ខណៈក្រុម​អ្នកស៊ើប​អង្កេត កំពុងស្វែង​រកមូលហេតុនៅពីក្រោយ​ការវាយប្រហារ​នេះ ដែលកំពុង​ក្លាយជាប្រធានបទ​ជជែក​វែកញែក​​យ៉ាងផុលផុស​ ទាក់ទិននឹង​សន្តិសុខ មុនការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បារំាង។ នេះបើ​តាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។

យោងតាម​រដ្ឋអាជ្ញា​ទីក្រុងប៉ារីស លោក ហ្រ្វង់ស័រ មូលឡំាង (Francois Molins) បុរសខាង​លើមាន​ឈ្មោះថា ហ្សៃយីដ បិន ប៊ែលហ្គាសឹម (Ziyed Ben Belgacem) អាយុ​៣៩ឆ្នាំ​ត្រូវបាន​ប៉ូលិសបារាំង​បាញ់សម្លាប់ បន្ទាប់ពី​រូប​គេបាន​ព្យាយាម​ដណ្ដើម​កាំភ្លើងពី​ទាហាន​ល្បាត​ជាស្រ្តីម្នាក់ នៅអាកាសយានដ្ឋាន Orly airport ក្នុងទីក្រុង​ប៉ារីស ហើយមិនតែប៉ុណ្ណោះ ប៊ែលហ្គាសឹម​ ក៏បាន​និយាយ​ដែរថា រូបគេហ៊ាន​ស្លាប់ដើម្បី​ព្រះជាម្ចាស់ «អល់ឡោះ»។

ក៏ប៉ុន្តែ​ថ្លែងប្រាប់​​វិទ្យុ Europe 1 ឪពុករបស់​ឈ្មោះ ប៊ែលហ្គាសឹម ដែលត្រូវបាន​ប៉ូលិសចាប់ខ្លួន និង​ដោះលែង​វិញ​បានបញ្ជាក់ដូច្នេះថា «កូន​ប្រុស​របស់ខ្ញុំមិនមែន​ជាភេរវករ​នោះទេ។ គេមិន​ដែលថ្វាយ​បង្គំ ហើយតែងតែ​ផឹកស្រា និងស្ថិតនៅ​ក្រោមឥទ្ធិពល​គ្រឿងញៀន និងគ្រឿង​ស្រវឹង (...) នេះគឺជាអ្វី​ដែលបាន​កើតឡើង»។ បន្ថែម​ពីលើនេះសូម្បីតែការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីស ក៏បានអះអាងដូចគ្នាដែរថា ផ្អែកលើការធ្វើកោសល្យវិច័យលើសព ប៊ែលហ្គាសឹម ពិតជាធ្លាប់​បានប្រើប្រាស់ គ្រឿងញៀន និងផឹកស្រា​ប្រាកដមែន។

គួរបញ្ជាក់​ថា​មនុស្ស​ជាង ២៣០នាក់ បានស្លាប់​នៅក្នុងការវាយ​ប្រហារ​ភេរវកម្ម​ក្រោមស្នា​ដៃ​ក្រុម ISIS នៅប្រទេស​បារាំង​គិតចាប់តាំង​ ២០១៥មក​ស្របពេលការដាក់​ប្រទេសក្នុង​ភាពប្រកាសអាសន្ន​នៅមិនទាន់​ដកចេញ​នោះទេ រីឯបញ្ហា​សន្តិសុខ​កំពុងក្លាយ​ជាប្រធានបទ​ដ៏សំខាន់​សម្រាប់បេក្ខជន​ប្រធានាធិបតី​បារាំង ក្នុងការបោះឆ្នោត​នៅ​ថ្ងៃទី២៣ ខែមេសា និងថ្ងៃទី១៧ ខែឧសភា ខាងមុខនេះ៕