(កាប៊ុល)៖ នាយទាហាន​យ៉ាងតិចចំនួនបីរូប​រួមទាំងពួកសកម្មប្រយុទ្ធ​ ១១នាក់ បាន​បាត់បង់​ជីវិតនៅ​អំឡុងការ​ប៉ះទង្គិចគ្នា​ដោយអាវុធ​​ដ៏​សាហាវ​មួយនៅជាយ​ក្រុង Tirin Kot នៃខេត្ត Uruzgan ភាគខាងត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន​នាយប់ថ្ងៃអាទិត្យ​ម្សិលមិញនេះ។ នេះ​បើតាមការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនារសៀល​ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។

មន្រ្តីអ្នកនាំ​ពាក្យរដ្ឋាភិបាល​ថ្នាក់ខេត្ត​លោក Doust Mohammad Nayab បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន​ស៊ិនហួរថា «ក្រុម​សកម្ម​ប្រយុទ្ធ​ប្រដាប់​ដោយ​អាវុធមួយ​ចំនួន បាន​សម្រុកវាយលុកចូលមូលដ្ឋាន​យោធា​នៅតំបន់ Khorma នៃទីក្រុង Tirin Kot ដែលជា​ហេតុបង្ក​​ឲ្យមានការ​ប្រយុទ្ធគ្នា​យ៉ាងក្តៅ​គគុក ដោយបាន​បន្សល់ទុក​កងទ័ពបី​នាក់ និងជនសកម្ម​ប្រយុទ្ធ​ ១១នាក់ស្លាប់​នៅយប់​ថ្ងៃអាទិត្យ»។ យោងតាម​លោក Nayab ក្រុម​ឧទ្ទាម​​ដែល​ពាក់ព័ន្ធ​​ក្នុងការប្រយុទ្ធគ្នា​ គឺជាពួកជ្រុល​និយម​តាលីបង់ ហើយពួកគេ​បានកាន់កាប់​មូលដ្ឋានទ័ព​​នេះអស់​រយៈ​ពេល​​ជាយូរមកហើយ នៅមុនការទៅ​ដល់នៃកង​កម្លាំងជំនួយ​បន្ថែមនាព្រឹក​ថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថាអំពើហិង្សា​បានកើនឡើង​ជាបន្តបន្ទាប់​ចាប់តាំង​ពីកងទ័ព​បរទេសត្រូវ​បានដកចេញ​នៅក្នុងរយៈពេល​ពីរឆ្នាំចុង​ក្រោយនេះ ​ស្របពេល​ដែលកង​ការពារសន្តិសុខ​អាហ្វហ្គានីស្ថាន​ផ្ទាល់ កំពុង​ប្រឈមមុខ​នឹងភាពលំបាក​លំបិន​ជាខ្លាំង​ ចំពោះ​ការរីករាល​ដាលនៃការ​វាយប្រហារ​ដោយក្រុម​អ្នកប្រយុទ្ធ​ប្រឆាំង​រដ្ឋាភិបាល៕