(វ៉ាស៊ីនតោន)៖ នាយក FBI លោក ជែម ខូមី បានទទួលស្គាល់នៅថ្ងៃចន្ទនេះថា ពិតជាមានការស៊ើបអង្កេត លើកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលរុស្ស៊ី ក្នុងការជ្រៀតជ្រែតចូលក្នុងកិច្ចការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ព្រមទំាងទំនាក់ទំនង រវាងទីក្រុងមូស្គូ និងយុទ្ធនាការឃោសបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។

ការលើកឡើងបែបនេះរបស់ លោក ជែម ខូមី ធ្វើឡើងនៅអំឡុងសវនាការ ស្ដាប់នៅចំពោះមុខរដ្ឋសភាអាមេរិក។ លោក ខូមី បានប្រាប់សភាអាមេរិកដូច្នេះថា៖ «ការស៊ើបអង្កេតគឺត្រូវបានធ្វើឡើងដើម្បីស្វែងរកប្រភពដើម នៃទំនាក់ទំនងរវាងបុគ្គលមួយចំនួន ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមយុទ្ធនាការឃោសនាបោះឆ្នោត នៃលោក ដូណាល់ ត្រាំ ជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី បូករួមទំាងថា តើមានការសម្របសម្រួលរវាងយុទ្ធនាការ និងកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីដែរ ឬទេ។ ក៏ប៉ុន្តែយ៉ាងណា ដោយសារការស៊ើបអង្កេតធ្វើឡើង ដោយបើកជំហ និងកំពុងដំណើរការ ខ្ញុំមិនអាចនិយាយអ្វីច្រើនលើសពីនេះបានទេ»

បើតាមលោក ជែម ខូមី បានបញ្ជាក់ថា គ្មានភស្ដុតាងណាមួយបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានបញ្ជាឱ្យគេលួចស្ដាប់លោក ត្រាំ និយាយទូរស័ព្ទដូចដែលលោកបានចោទប្រកាន់នោះឡើយ៕