(សេអ៊ូល)៖ អតីតប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ផាក គឺនហេ បានសម្តែង​ការសូមទោស​​ចំពោះមុខ​ប្រជាជាតិ​កូរ៉េខាងត្បូង​ទាំងមូល ដោយលោកស្រី​ប្តេជ្ញាថា​នឹងប្រឈមមុខ​ដោយភាព​ស្មោះត្រង់ទៅ​នឹងការ​សាកសួរនានា មុនលោកស្រី​ចូលខ្លួនទទួល​ការសួរចម្លើយ​ពីក្រុមរដ្ឋអាជ្ញា​កូរ៉េខាងត្បូង។ នេះបើតាមការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិនស៊ិនហួរ នាព្រឹក​ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។

លោកស្រី ផាក បានសម្ងំ​នៅក្នុងគេហដ្ឋានឯកជន​របស់ខ្លួន​រហូត ចាប់តាំងពី​ត្រូវបាន​តុលាការ​សម្រេចទម្លាក់​ចេញពី​តំណែងប្រធានាធិបតី​ជាផ្លូវការតែម្តង​កាលពី​ថ្ងៃទី១២ ខែមីនា។ នៅព្រឹក​ថ្ងៃអង្គារនេះ ជាថ្ងៃដែល​លោកស្រី ត្រូវឡើង​ទៅទទួលការ​សួរចម្លើយ​ពីក្រុមរដ្ឋអាជ្ញា​ពិសេស​នោះ លោកស្រីបាន​​ចាកចេញ​ពីលំនៅឋាន​ដោយមាន​អ្នកគាំទ្ររាប់រយនាក់​ឈរចាំ​ស្វាគមន៍ និងលើកទឹកចិត្ត​នៅខាងក្រៅ​របងផ្ទះ ប៉ុន្តែ​លោកស្រីមិន​បាននិយាយអ្វី​ទៅកាន់ពួកគេ​នោះទេ ក្រៅតែពីការ​ញញឹមដើម្បីសម្តែង​ការអរគុណប៉ុណ្ណោះ។

គួរបញ្ជាក់ថា​លោកស្រីបានចេញពី​លំនៅដ្ឋានឯកជន​ នៅភាគខាងត្បូង​ទីក្រុងសេអ៊ូល កាលពីវេលាម៉ោង ៩៖១៧នាទីព្រឹក (ម៉ោងក្នុងទីក្រុងសេអ៊ូល) ហើយក៏បាន​បន្តដំណើរ​តាមរថយន្តដោយ​មានការ​យាមកាម​យ៉ាងតឹងរ៉ឹង​ពីកងរក្សា​សន្តិសុខ​រហូតដល់​ការិយាល័យ​របស់​ក្រុមរដ្ឋអាជ្ញា​តែម្តង។ លោកស្រី ផាក បានក្លាយ​ជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងទី៤ហើយ ដែលត្រូវ​បានក្រុមរដ្ឋអាជ្ញា​កោះហៅមកសួរនាំ​ពាក់ព័ន្ធ​ពាក្យ​បណ្តឹងរឿង​ពុករលួយ និងការធ្វេស​ប្រហែសក្នុងពេល​កាន់អំណាច៕