(ស៊ូដង់ខាងត្បូង)៖ យន្ដហោះមួយគ្រឿង​ដឹកមនុស្ស​៤៤នាក់​ ក្នុងនោះមាន​ទារក ០៤នាក់ បានធ្លាក់​នៅឯអាកាស​យានដ្ឋាន Wau ស្ថិតនៅចំងាយ​ ៦៥០គីឡូម៉ែត្រពីរដ្ឋធានី Juba នៃប្រទេស​ស៊ូដង់ខាងត្បូង​នៅម៉ោងប្រមាណ ១៥៖០០នាទី (ម៉ោងនៅ​ក្នុងតំបន់) កាលពី​ថ្ងៃចន្ទនេះ។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ​ដំបូងឡើយបើ​តាមប្រព័ន្ធផ្សព្វ​ផ្សាយ​នៅក្នុងតំបន់​ជាច្រើន មនុស្សទំាង ៤៤នាក់ បានបាត់បង់​ជីវិត​ទាំងអស់។ ក៏ប៉ុន្តែ​ក្រោយ​មកសារព័ត៌មាន The National Courier តាមរយៈការ​ស្រង់សម្ដីពីមន្ត្រី​នៃក្រុមហ៊ុន​អាកាសចរណ៍ South Supreme Airlines បាន​បញ្ជាក់ថា គ្មាននរណា​ម្នាក់ស្លាប់ នៅក្នុង​ហេតុការណ៍​ធ្លាក់យន្ដហោះនេះទេ ពោលគឺ​មានតែអ្នករងរបួស​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា​មូលហេតុធ្លាក់យន្តហោះខាងលើ​ពុំទាន់ត្រូវបានគេបញ្ជាក់​ឱ្យច្បាស់នៅ​ឡើយទេ គ្រាន់តែគេ​ដឹងថា​យន្ដហោះនេះ​ធ្លាក់នៅអំឡុង​ពេលចុះចត នៅឯអាកាសយានដ្ឋាន Wau។ ប្រភពខាងលើ​បានបញ្ជាក់ថា វាជាសំណាងល្អបំផុតដែលក្រុមសង្គ្រោះ​បានធ្វើការជម្លៀស​អ្នកដំណើរ​ចេញពីយន្តហោះ​ទាំងអស់​ទាន់ពេលវេលា​​មុនវាផ្ទុះឆេះ៕