(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានដាក់ចេញនូវបំរាម​​ ហាមឃាត់​មិនឲ្យអ្នក​ដំណើរទុក​ឧបករណ៍អេឡិច​ត្រូនិករួមមាន Laptop និង Tablet ជា​ដើម​នៅក្នុងកាបូបតាមខ្លួនរបស់ពួកគេ​នោះឡើយ នៅអំឡុងជើង​ហោះហើរ​មួយចំនួន​ដែលមកពី​ប្រទេសចំនួន​នៅតំបន់​មជ្ឈិមបូព៌ា និងអាហ្រ្វិក​ខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧ ដោយផ្អែកលើ​ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងប្រទេស​អាមេរិក។

បទបញ្ជាថ្មីនេះ​ត្រូវបានគេរំពឹងថា​នឹងធ្វើសេចក្តីប្រកាស​ជាផ្លូវការ​ និងចូលជា​ធរមាន​នៅថ្ងៃអង្គារ​សប្តាហ៍ (ពេលវេលា​នៅ​សហរដ្ឋអាមេរិក​) នឹងដាក់កំហិត​ទៅលើជើង​ហោះហើរ​ពីអាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន​ ១០កន្លែង ​នៅក្នុងទីក្រុង​គែរ​នៃប្រទេស​អេហ្ស៊ីប, ទីក្រុង Amman នៃប្រទេស​ហ្ស៊កដានី, ទីក្រុងគុយវ៉ែត​នៃប្រទេស​គុយវ៉ែត, ទីក្រុងកាស្កា​ប្លាន់កា​នៃប្រទេសម៉ូរ៉ូកូ, ទីក្រុងដូហា​នៃប្រទេស​កាតា, ទីក្រុង Jeddah នៃព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត, ទីក្រុងអ៊ីស្តង់​ប៊ុល​នៃប្រទេស​តួកគី, ទីក្រុងអាបូដាប៊ី និងទីក្រុងឌូបៃ​នៃប្រទេស អេមីរ៉ាត់ អារ៉ាប់រួម។ នេះបើតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Associated Press (AP) ដែលបានដកស្រង់​សម្តីពីមន្រ្តី​រដ្ឋាភិបាល​អាមេរិក។

គួរបញ្ជាក់ថា​អ្នកដំណើរនឹង​ត្រូវហាមឃាត់​មិនឲ្យទុក Laptop, Tablet, កាម៉េរ៉ា, និងឧបករណ៍​អេឡិចត្រូនិចធំៗ​ផ្សេងៗទៀត​​នៅក្នុងកាបូបដាក់​តាមខ្លួន​របស់ពួកគេ​ឡើយ ដោយមាន​តែទូរស័ព្ទ​មួយគត់​ និងឧបករណ៍​វេជ្ជសាស្រ្ត​ដែលទទួលបាន​ការអនុញ្ញាតត្រឹមត្រូវ​មួយចំនួនទៀត​​នឹងត្រូវ​លើកលែង​នៅក្នុងបំរាម​នេះ។ ម៉្យាងវិញទៀតការ​ដាក់បំរាមនេះ​នឹងដាក់កម្រិត​ទៅលើ តែក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ប៉ុណ្ណោះ​ ដោយគ្មាន​អាកាសចរណ៍​អាមេរិកណា នឹងទទួល​រងផល​ប៉ះពាល់នោះទេ។ យ៉ាងណាមិញ​មូលហេតុ​សម្រាប់បទបញ្ជា​ហាមឃាត់​ នៅ​ពុំ​ទាន់ត្រូវ​បានបញ្ជាក់ច្បាស់លាស់​នៅឡើយទេ៕