(តៃប៉ិច)៖ ប្រធានាធិបតី​កោះតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានប្តេជ្ញាថា​ដែនដីកោះនេះ​នឹងធ្វើការផលិត​នាវាមុជ​ទឹកដោយ​ខ្លួនឯង និងបន្តស្វែងរក​ការទិញអាវុធ​ថ្មីៗពីសហរដ្ឋអាមេរិក ព្រមជាមួយនឹង​បច្ចេកវិទ្យា​ផលិតនាវាមុជទឹក​ចម្បងៗផងដែរ ដើម្បីទប់ទល់​នឹងការគំរាមកំហែង​ពីប្រទេសចិន ដែលកាន់តែ​កើនឡើង​ពីមួយថ្ងៃទៅ​មួយថ្ងៃ។ នេះបើតាមការដក​ស្រង់ការផ្សាយនៅមុននេះ​បន្តិចពី Channel News Asia ប្រភព​ដើមពី Reuters នារសៀល​ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។

កន្លងមក​ប្រទេសចិនមិន​ដែលបាននិយាយ​អំពីការប្រើប្រាស់​យោធា​ដើម្បីដោះស្រាយ​បញ្ហា ឬចង់មាន​បំណង​សង្គ្រប់​យកកោះតៃវ៉ាន់​នោះឡើយ ក្រៅតែពីការអំពាវនាវ​ឲ្យបងប្អូនមួយនេះ​ចូលរួមកិច្ចសហការ​ដើម្បី​សន្តិភាព និងការអភិវឌ្ឍ​ប៉ុណ្ណោះ ប៉ុន្តែក្រសួង​ការពារជាតិ​នៃកោះតៃវ៉ាន់​បានអះអាង​ប្រាប់​ពិភពលោក​ថា ប្រទេសចិន​មានគ្រាប់​មីស៊ីលជាង ១,០០០គ្រាប់ឯណោះ ដាក់តម្រង់​ទិញមករកកោះ​តៃវ៉ាន់​ជាស្រេច។

លោកស្រី ត្សៃ បានលើកឡើង​នៅក្នុងឱកាស​នៃការបំពេញ​ទស្សនកិច្ច​នៅកំពង់ផែ Zuoying ចម្ងាយ ៣៥០គីឡូម៉ែត្រ​ពីទីក្រុង​តៃប៉ិ​យ៉ាងដូច្នេះ​ថា «ការពង្រឹង និងពង្រីក​សមត្ថភាព​ការពារ​ក្រោមទឹក គឺជាអ្វី​ដែល​វិស័យការពារជាតិ​របស់កោះតៃវ៉ាន់​ត្រូវការ​ជាទីបំផុត។ វាជាបញ្ហា​ដែលគ្រប់គ្នា​ទទួលស្គាល់។ យើងមិន​ដែល​បានដោះស្រាយ​វាទេតាំងពី​អតីតកាល។ ក្នុងឋានៈជា​មេបញ្ជាការ​នៃកងកម្លាំង​ទ័ព ខ្ញុំសូមប្តេជ្ញា​ថា នឹងដោះ​ស្រាយបញ្ហា​មួយនេះ​ឲ្យបាន»

គួរបញ្ជាក់តាម​អ្នកតាមដានស្ថានការណ៍​នៅកោះតៃវ៉ាន់​ឲ្យដឹងថា ការបង្ហាញនាវា​មុជទឹកវ័យ ៥០ឆ្នាំ​ចំនួន ០៤គ្រឿង​នាឱកាសនោះ គឺជាសញ្ញាមិនល្អ​នោះទេសម្រាប់​កោះតៃវ៉ាន់ ដែលវាកាន់​តែបញ្ជាក់​ច្បាស់ថា កោះតៃវ៉ាន់​មានការអភិវឌ្ឍន៍​វិស័យការពារជាតិ​យឺត និងមិនអាចប្រៀប​ផ្ទឹមនឹងចិន​ដែលបាន​ក្លាយជា​មហាយក្ស​​ទាំង​សេដ្ឋកិច្ច និងយោធា​ទៅហើយ​នោះឡើយ។ ដូច្នេះទើប​កោះតៃវ៉ាន់​ដែលជា​កូននាគ​នៃបច្ចេកវិទ្យា​មួយដែរ​​លើលោកនេះ បានប្តេជ្ញា​ផលិត​នាវាមុជទឹក ដោយពឹង​ផ្អែកខួរក្បាល​ខ្លួនឯង​ជាគោល៕