(ស៊ីរី)៖ ​ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ ហាក់ដូចជា​មិនបានអើពើ​ឡើយ​ចំពោះ​ការគំរាម​កម្ទេច​ប្រព័ន្ធការពារ​ដែនអាកាស​ស៊ីរី ដោយលោក​ថែម ទំាងអះអាង​ទៀតថា​ ការការពារ​ព្រំដែនជាតិ​គឺជាកាតព្វកិច្ច​របស់អាជ្ញាធរ​ស៊ីរី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។

រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​កាលពីប៉ុន្មាន​ថ្ងៃមុននេះ បានព្រមាន​ទីក្រុងដាម៉ាស់​ចំៗថា កងទ័ព​អាកាស​អ៊ីស្រាអែល​ នឹ​ងកម្ទេចប្រព័ន្ធ​ការពារ​ដែនអាកាស​ស៊ីរី នៅក្នុងករណី​ដែលមាន​ការវាយប្រហារ​សាជាថ្មី ប្រឆាំងនឹង​យន្ដហោះ​ចម្បាំង​អ៊ីស្រាអែល​កំពុងប្រតិបត្តិការ​នៅស៊ីរី។ ទោះបីជាបែបនេះក្តី ថ្លែងនៅក្នុង​បទសម្ភាសន៍​ជា​មួយអ្នក​សារព័ត៌មាន​រុស្ស៊ី លោក អាស្សាដ បានគូស​បញ្ជាក់ដូច្នេះ​ថា «ការការពារ​ព្រំដែនរបស់​យើង គឺជាសិទ្ធិ​និងកាតព្វកិច្ច​របស់​យើង ហើយ​បើសិនជា​យើងមិនបាន​ធ្វើវាទេ នោះប្រជាជន​ស៊ីរីនឹងថ្កោលទោស​ពួកយើង [...] យើងមិន​ត្រូវសួរសំណួរ​ថា​ គួរឬមិនគួរ​ការពារព្រំដែន​នោះឡើយ ឬក៏ទៅគិត​ខ្វាយខ្វល់​ចំពោះសេចក្ដីថ្លែងការណ៍​របស់ពួកគេ​ដែរ (អ៊ីស្រាអែល) ព្រោះថា​នយោបាយ​យើង មិនមែន​អាស្រ័យលើ​សេចក្ដីថ្លែងការណ៍​របស់ពួក​គេ​នោះទេ។ វាគឺជាសិទ្ធិ​ និងកាតព្វកិច្ច​របស់ពួក​យើង»។

គួររំលឹកថា​កាលពីថ្ងៃសុក្រ​សប្ដាហ៍មុន យន្ដហោះចម្បាំង​អ៊ីស្រាអែល បានដឹកនាំ​ការវាយប្រហារ​តាមផ្លូវអាកាស​នៅស៊ីរី ប្រឆាំងនឹង​ការដឹកជញ្ជូន​អាវុធឱ្យ​ក្រុមឧទ្ទាម​ហេសប៊ូឡា ហើយជាការ​ឆ្លើយតប កងទ័ពស៊ីរី​បានបាញ់ទម្លាក់​យន្ដហោះចម្បាំង​អ៊ីស្រាអែល​ពីរគ្រឿង ក៏ប៉ុន្តែអ៊ីស្រាអែល​បានបដិសេធថា​មិនមែនជា​ការពិត៕