(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក រិច ធីល្លឺសុន នឹងមិនទៅ​ចូលរូមក្នុងកិច្ច​ប្រជុំថ្នាក់​​​រដ្ឋមន្ត្រី​ការបរទេស​​​នៃអង្គការ​​ណាតូ (NATO) ដែលគ្រោង​​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​​ថ្ងៃទី០៥ ដល់ថ្ងៃទី០៦​ ខែមេសា​ខាង​មុខ​នេះឡើយ ប៉ុន្តែលោកនឹងធ្វើដំណើរ​​ទៅ​កាន់​ប្រទេស​​រុស្ស៊ី​​​ ក្នុង​ខែ​​ដដែលនេះ​ផងដែរ។ នេះបើតាម​ការបញ្ជាក់​អះអាងជា​ផ្លូវការ​របស់​ក្រសួង​ការបរទេស​អាមេរិក ដែលត្រូវបាន​ដកស្រង់​ដោយ​​សារព័ត៌មាន ABC News​ នៅល្ងាច​​ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បានឲ្យដឹងថា អនុរដ្ឋមន្រ្តី​ស្តីទី​លោក Tom Shannon នឹងអញ្ជើញ​ទៅចូលរួមកិច្ច​ប្រជុំអង្គការ​ NATO ខាងលើដើម្បី​ជំនួសមុខឲ្យ​លោក រិច ធីល្លឺសុន វិញ។ ក្រៅពីនេះ​ក្រសួងការបរទេស​អាមេរិក​បានបញ្ជាក់​ទៀតលោក ធីល្លឺសុន ​នឹង​ត្រូវជួបជា​មួយមន្រ្តី​មួយចំនួន​របស់​អង្គការ NATO នៅក្នុង​កិច្ចប្រជុំ​មួយផងដែរ​នៃសហព័ន្ធ​បង្រ្កាប​ក្រុម ISIS នាថ្ងៃពុធ​សប្តាហ៍នេះ (ពេលវេ​លា​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន)។

គួរបញ្ជាក់ថា​នៅប៉ុន្មានម៉ោង​កន្លងទៅនេះ​មានសេចក្តីរាយការណ៍ថា​ រដ្ឋមន្ត្រី​​ការបរទេស​​អាមេរិក លោក រិច ធីល្លឺសុន មានគំរោង​​លើកថ្ងៃ​​ប្រជុំ​ថ្នាក់​​​រដ្ឋមន្ត្រី​​ការបរទេស​​​នៃអង្គការ​​ណាតូ (NATO) ដើម្បីត្រៀម​ទទួលស្វាគមន៍​​ការបំពេញ​ទស្សនកិច្ច​​មកកាន់​​សហរដ្ឋអាមេរិក របស់​ប្រធានាធិបតី​​ចិន លោក ស៊ី ជិនពីង ខណៈលោក ធីល្លឺសុន ត្រូវគេរំពឹង​ថា​​នឹងធ្វើដំណើរ​​ទៅកាន់ប្រទេស​រុស្ស៊ី​​ក្នុងខែ​ដដែល ដែលនេះ​អាចជាក្ដី​កង្វល់​មួយសម្រាប់​​បណ្ដាប្រទេស​ជា​សមាជិកណាតូ​ដទៃៗទៀត៕