(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី មិនបានទទួលស្គាល់ ហើយក៏មិនបានបដិសេធដែរ ចំពោះការលេចធ្លាយព័ត៌មានដែលថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នឹងបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងមូស្គូនៅខែមេសា។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។

យោងតាមប្រភពដែល Reuters ទទួលបានកាលពីថ្ងៃចន្ទ លោក ធីលឺ្លសុន មានគំរោងនឹងមិនទៅចូលរួមឡើយក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេសនៃអង្គការ ណាតូ នៅខែមេសាខាងមុខនេះ ដើម្បីត្រៀមទទួលស្វាគមន៍ការបំពេញទស្សនកិច្ច របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មកកាន់សហរដ្ឋអាមេរិក ហើយបន្ទាប់មកទើបលោកផ្ទាល់ធ្វើដំណើរ ទៅកាន់ទីក្រុងមូស្គូ។

យ៉ាងណាក៏ដោយ  ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយថា «ខាងក្រសួងមិនទាន់ត្រៀមខ្លួនទទួលស្គាល់ ឬក៏បដិសេធ ការលេចធ្លាយព័ត៌មាននេះ នៅឡើយទេ ក៏ប៉ុន្តែយើងពិតជាការភ្ញាក់ផ្អើល។ វាអាចជាពេលវេលាមួយដែលឥស្សរជននយោបាយអាមេរិក អាចនឹងចោទ ប្រកាន់ថាក្រុម Hacker រុស្ស៊ី ជាអ្នក Hack Server របស់ក្រសួងការបរទេសអាមេរិក ខណៈតាមការពិតការលេចធ្លាយ ព័ត៌មាននេះ គឺកើតចេញពីសហរដ្ឋអាមេរិកខ្លួនឯង»

គួរបញ្ជាក់ថា បើតាមការំពឹងទុក ជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង គ្រោងនឹងធ្វើឡើងពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមេសា នៅឯរមណីយ ដ្ឋាន Mar-a-Lago របស់លោកត្រាំក្នុងរដ្ឋ Florida។ រីឯលោក ធីល្លឺសុន គ្រោងនឹងបំពេញទស្សនកិច្ចទៅរុស្ស៊ីនៅថ្ងៃទី១២ ខែមេសា៕