(ហ្សឺណែវ)៖ កូរ៉េខាងជើង​មិនភ័យខ្លាចទាល់​តែសោះ ចំពោះការដាក់​ទណ្ឌកម្មពី​សំណាក់​សហរដ្ឋអាមេរិក ដែលចង់កាត់​ផ្ដាច់ប្រព័ន្ធហិរញ្ញវត្ថុ​សកល​នៃរបបដឹកនាំទីក្រុងព្យុងយ៉ាង ហើយថា​​នឹងបន្តអភិវឌ្ឍន៍កម្មវិធី​នុយក្លេអ៊ែរ និងមីស៊ីលផ្លោង​អន្តរទ្វីប ICBM រហូតដល់​ទីបំផុត។ នេះបើតាម​អគ្គរដ្ឋទូតរង​កូរ៉េខាងជើង​ ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Choe Myong Nam ចុះផ្សាយ​បន្តដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។

ប្រតិកម្មរបស់​​លោក Choe Myong Nam កើតឡើង​បន្ទាប់ពី​ក្រុមមន្ត្រីជាន់ខ្ពស់​អាមេរិក បាននិយាយ​កាលពី​ថ្ងៃចន្ទថា រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ មាន បំណងដាក់​ទណ្ឌកម្ម​បន្ថែមប្រឆាំង​នឹងការគំរាមកំហែង​ពីមីស៊ីល និងអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ លោក Choe Myong Nam នៅក្នុង​បទសម្ភាសន៍​ជាមួយ Reuters បានលើកឡើង​ដូច្នេះថា «ខ្ញុំគិតថា​រឿងទាំងអស់​គឺកើតចេញ​ពីដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទៅកាន់​ជប៉ុន កូរ៉េខាងត្បូង និងចិន ... ជាការ​ពិតយើងមិនបាន​ខ្លាចបន្តិច​ណា​ទាល់តែ​សោះ​ រឿងអាមេរិកចង់​ប្រើកម្លំាង​យោធា ឬក៏ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ត្បិតកូរ៉េខាងជើង​បានជាប់​ទណ្ឌកម្ម​អស់​រយៈពេលកន្លះ​សតវត្សរ៍មកហើយ តែនៅតែអាច​ដង្ហើមបាន។ ទោះបីជាយ៉ាងណា​យើងចង់ប្រាប់ថា ការដាក់ទណ្ឌកម្ម របៀបនេះ​គឺជារឿង​ឃោឃៅ និងអមនុស្សធម៌​បំផុត ហើយម្យ៉ាងវិញ​ទៀត​ខ្ញុំអាចប្រាប់អ្នក​បាន​ថា ICBM នឹងត្រូវបាញ់​ចេញគ្រប់​ពេលវេលា​គ្រប់ទីកន្លែង ឱ្យតែ​មានបញ្ជាពីមេដឹកនាំ​កំពូលរបស់​យើង (លោក គីម ជុងអ៊ុន)។

គួរបញ្ជាក់ថា​ពាក់ព័ន្ធនឹង​ការបង្ហាញ​ពីចេតនា ចង់ប្រើប្រាស់កម្លំាងយោធា​លើកូរ៉េខាងជើង ដោយលោក ធីល្លឺសុន លោក Choe បានបញ្ជាក់ថា កូរ៉េខាងជើងបានត្រៀមខ្លួនរួច​ជាស្រេចក្នុង​ការទទួលយក​សង្រ្គាមជាមួយ​សហរដ្ឋអាមេរិក ខណៈទីក្រុង​ព្យុងយ៉ាង ក៏បានព្រមាន​ដែរថា នឹងកម្ទេច​ទីក្រុង​វ៉ាស៊ីនតោន​ឱ្យក្លាយ​ទៅជា​ផេះ៕