(ហុងកុង)៖​ ទីក្រុងហុងកុង និងទីក្រុងសិង្ហបុរី​បានជាប់ឈ្មោះ​នៅក្នុងបញ្ជី​នៃទីក្រុង​ទំាង ១០ ដែលប្រជាជន​ដ៏ឆើតឆាយត្រូវចំណាយ​ លើការចាយវាយខ្ពស់​បំផុតនៅលើ​ពិភពលោក ស្របពេល​ការព្រួយបារម្ភ​ក៏កំពុងកើត​ឡើងផងដែរ ចំពោះការ​ប្រកួត​ប្រជែង ក៏ដូចជា​ការស្នើសុំ​ឱ្យមានការ​លុបចោលពន្ធ​មួយចំនួន​នៅក្នុងតំបន់ ដែលមាន​សង្វាក់​ពាណិជ្ជកម្មដ៏សកម្មបែបនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន  South China Morning Post នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។

យោងតាម​ការសិក្សាស្រាវជ្រាវ​របស់​វិទ្យាស្ថាន Economist Intelligence Unit ទីក្រុង​ហុងកុង​បានឡើង​មកឈរនៅ​លេខរៀង​ទី០២ បន្ទាប់ពីទីក្រុង​សិង្ហបុរី ក្នុងនាមជា​ទីក្រុងដែល​ប្រជាជន មានការចាយ​វាយខ្ពស់បំផុត​នៅលើ​ពិភពលោក កាលពី​ឆ្នាំ២០១៦។ ទោះបីជាយ៉ាង​ណា លោក Jon Copestake ជាអ្នកដឹកនាំ​ការសិក្សា​ស្រាវជ្រាវ​បានព្រមានថា ការបន្តឡើងថ្លៃ​ខ្ពស់នៃប្រាក់ដុល្លារ​ហុងកុង នឹងធ្វើឱ្យ របស់របរ​ប្រើប្រាស់ ព្រមទាំងសេវាកម្ម​មួយចំនួន​មានតម្លៃ​កាន់តែថ្លៃ ដែលនេះ​អាចនឹងបង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់វិស័យ​ទេសចរណ៍ និងឧស្សាហកម្ម​ជាដើម។

គួរបញ្ជាក់ថា​សិង្ហបុរី​ឈរលេខនៅរៀង​ទី០១ នៃបញ្ជី​ឈ្មោះទីក្រុង​ទំាង១០ ដែល​ប្រជាជន​បានចំណាយ​លើការចាយវាយ​ខ្ពស់បំផុតនៅ​លើ​ពិភពលោក តាមពី​ក្រោយដោយ ទីក្រុងហុងកុង ហ្សូរីស តូក្យូ អូសាកា សេអ៊ូល ហ្សឺណែវ ប៉ារីស ញូយ៉ក និងកូពិនហាជិន៕