(បាលី)៖ គ្រោះរញ្ជួយដី​កម្រិត ៥.៥រ៉ិចទ័រ ដែលបាន​វាយប្រហារ​កោះទេសចរណ៍​បាលីរបស់ឥណ្ឌូណេស៊ី​នោះវាអាចនឹងមិនមែនជាបញ្ហាធំឡើយ សម្រាប់អ្នករស់នៅលើកោះនេះស្រាប់ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរ​ដែលកំពុងតែគេងលង់លក់នៅឡើយក្នុងសណ្ឋាគារ និងផ្ទះសំណាក់បានជួបរឿងភ័យស្លន់ស្លោ​ដោយសារ​តែភាពញ័ររញ្ជួយនៃបន្ទប់ដែលពួកគេស្នាក់នៅ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។

គ្រោះរញ្ជួយដីខាងលើនេះ​បានវាយប្រហារ​ទៅលើតំបន់មួយដែល​មានចម្ងាយ ១០គីឡូម៉ែត្រ​ភាគឦសាននៃ​ទីក្រុង Denpasar របស់កោះបាលី ដែលវាស្ថិត​នៅមិនឆ្ងាយប៉ុន្មាននោះ​ឡើយ​ ពីតំបន់ទេសចរណ៍នៃ​កោះភាគខាងត្បូង​​ដ៏ពេញនិយមបំផុត​​នៃចង្កោម​​កោះបាលី។

គួរបញ្ជាក់ថា​គ្រោះរញ្ជួយដី​កម្រិតបង្គួរ​ខាងលើនេះ មិនទាន់ត្រូវបាន​គេបញ្ជាក់ថា​បានបង្កគ្រោះ​មហន្តរាយ ឬក៏មនុស្សណាម្នាក់​រងគ្រោះថ្នាក់​នោះឡើយ បន្ទាប់ពី​ការវាយប្រហារ​របស់វាកាលពី​វេលាម៉ោង ៧៖០០នាទីព្រឹក​ថ្ងៃពុធនេះ (ម៉ោងក្នុងទីក្រុង​ហ្សាការតា)៕