(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទៅចូលរួម​កិច្ចប្រជុំនៃមេដឹកនាំរបស់អង្គការ​ណាតូ (NATO) នៅថ្ងៃទី២៥ ខែឧសភា ក្នុងទីក្រុង ព្រុចសែល ដែលនេះអាចនឹងធ្វើឱ្យបណ្ដាប្រទេស ជាសមាជិកណាតូធូរចិត្តឡើងវិញ បន្ទាប់ពីលេចលឺ​ព័ត៌មានថា រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធីល្លឺសុន នឹងមិនទៅចូលរួម​កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេសណាតូ នៅខែមេសាខាងមុខ​នេះទេ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។

ដំណើរ​ទស្សនកិច្ច​របស់លោក ត្រាំ ជាឱកាស​មួយសម្រាប់​លោក ដើម្បីបង្ហាញថា​ តើហេតុអ្វីបាន​ជាសមាជិក​ណាតូទំាងអស់ ចាំបាច់ត្រូវតែបង្កើន​កញ្ចប់ថវិកាការពារជាតិ។ ក៏ប៉ុន្តែត្រង់​ចំណុចនេះ​ឯង​វាក៏បានធ្វើឱ្យ​សម្ព័ន្ធមិត្ត​​ណាតូ មានការព្រួយបារម្ភ​មិនតិចនោះដែរ ជាពិសេសនោះ គឺការបង្កើត​សម្ព័ន្ធភាព​រវាងលោក ត្រាំ និងរុស្ស៊ីដើម្បី​ប្រយុទ្ធប្រឆាំង​នឹងក្រុម ISIS តែម្ដង ត្បិតពួកគេ​យល់ថា​ទីក្រុងវ៉ាស៊ីនតោន អាចនឹងដកទណ្ឌកម្ម​សេដ្ឋកិច្ចពីទីក្រុងម៉ូស្គូ នៅក្នុងបរិបទ​ដែលអឺរ៉ុប កំពុងព្រួតដៃគ្នាខ្ទប់​ដង្ហើមសេដ្ឋកិច្ច​រុស្ស៊ី សម្រាប់ការលូកដៃ​ចូលក្នុងជម្លោះ​នៅតំបន់ភាគខាងកើត​ប្រទេស​អ៊ុយក្រែន និងតំបន់គ្រីមៀ។

ទោះបីជាយ៉ាង​ណា នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន សេតវិមានបានបញ្ជាក់ថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងទៅចូលរួម​កិច្ចប្រជុំណាតូ ដើម្បីអះអាងពី​ការប្ដេជ្ញាចិត្តយ៉ាងពេញ​ទំហឹងរបស់ពួក​យើង ចំពោះណាតូ និងពិភាក្សាលើបញ្ហា​សំខាន់ៗជា​ច្រើន ក្នុងនោះរួមមាន​ទំាង ការទទួលខុស​ត្រូវ និងការចែករំលែក ក៏ដូចជាតួនាទី​របស់ណាតូ ក្នុងការប្រយុទ្ធប្រឆាំង​នឹងក្រុមភេរវករ»

យោងតាមសេចក្ដីថ្លែងការណ៍​ដដែល លោក ដូណាល់​ ត្រាំ នឹងត្រូវទទួល​ស្វាគមន៍អគ្គលេខាធិការ​អង្គការណាតូ លោក Jens Stoltenberg នៅឯសេត វិមាននៅ​ថ្ងៃទី១២ ខែមេសា ដើម្បីពិភាក្សាគ្នាថា​តើគួរពង្រឹងសម្ប័ន្ធភាព​យ៉ាងដូចម្ដេច ប្រឈមមុខនឹង​បញ្ហាសន្តិសុខជាតិ និងអន្តរជាតិ៕