(ហាណូយ)៖ តុលាការខេត្ត Hoa Binh ភាគខាងត្បូងនៃប្រទេសវៀតណាម បានសម្រេចកាត់ទោសប្រហារជីវិតមនុស្ស​ ០៩នាក់​ ក្នុង​ចំណោមបក្សពួកទាំងអស់សរុប ២៣នាក់ ពីបទលួចជួញដូរគ្រឿងញៀន, ការផ្ទុកអាវុធយោធាខុសច្បាប់, និងការលាក់បាំងបទល្មើសផ្សេងៗទៀត។ នេះបើ​តាម​ការ​ចេញ​ផ្សាយ​​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នាព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងសំណុំរឿង​ដែលបានចាប់​ផ្តើមកាលពី​ថ្ងៃទី២៧ ខែកុម្ភៈ និងទើបតែ​ត្រូវបានបិទ​បញ្ចប់នៅថ្ងៃអង្គារ​ម្សិលមិញនេះ ជនត្រូវចោទ​ចំនួន​២៣នាក់​ត្រូវតុលាការ​រកឃើញថា​ ពិតជាមានទោស​ពីបទរត់ពន្ធ​គ្រឿងញៀន​ប្រភេទហេរ៉ូអ៊ីន​ចំនួន ១,៤១៥កញ្ចប់ ដែលមានទម្ងន់​ជិតស្មើ​​កន្លះតោន​កាលពីអំឡុង​ឆ្នាំ២០១២ និងឆ្នាំ២០១៥។

ខណៈគ្នីគ្នាចំនួន០៩នាក់របស់ពួកគេត្រូវកាត់ទោសប្រហារជីវិតបក្សពួកចំនួន ០៩នាក់​ផ្សេងបាន​ទទួល​ការផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ​​អស់​មួយជីវិត ហើយបួននាក់ទៀតត្រូវជាប់​គុកពីចន្លោះ ១៧ឆ្នាំទៅ ២០ឆ្នាំ រីឯស្រ្តីម្នាក់​ចុងក្រោយ​ត្រូវ​ទទួលទោស​ជាប់ពន្ធនាគារ​ចំនួន ១៨​ខែ ​ឬ​ស្មើនឹងបីឆ្នាំ​ដោយសារតែ​ដឹងលឺ​ពីបទ​ល្មើស​នេះ​ហើយ​ មិនព្រមរាយការណ៍​ដល់សមត្ថកិច្ច។​ លើសពីនេះ​ជនជាប់ចោទ​ទាំងអស់នេះ​​ក៏បាន​រងការ​ចោទ​ប្រកាន់ពីបទ​មានផ្ទុកអាវុធជាតិផ្ទុះខុសច្បាប់ និងផ្តល់ទីកន្លែងជ្រកកោន​ដល់ឧក្រិដ្ឋជន​ថែមទៀត​ផង។

គួរបញ្ជាក់ថា​យោងតាមច្បាប់​នៅក្នុងប្រទេស​វៀតណាម ជនទាំងឡាយ​ណាដែលត្រូវបាន​រកឃើញថា​ មានផ្ទុក​និងរត់ពន្ធ​សារធាតុ​ញៀន​ប្រភេទហេរ៉ូអ៊ីន​លើសពី​ ៦០០ក្រាម ឬមួយក៏សារធាតុមេតាំហ្វេតាមីន​លើសពី ២.៥គីឡូក្រាម នឹងប្រឈមមុខទោស​ប្រហារជីវិត​។ ម៉្យាងវិញ​ទៀតការ​ផលិតក៏ដូចជា​ការលក់សារធាតុ​ហេរ៉ូអ៊ីនទម្ងន់​ត្រឹម ១​០០ក្រាម ឬសារធាតុ​នីកូទីន​ខុសច្បាប់ផ្សេងៗ​ទៀតទម្ងន់​ ៣០០ក្រាម​ឡើង​​ទៅ​ក៏នឹងទទួលទោស​ប្រហារជីវិត​ផងដែរ៕​