(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានធ្វើការតិះដៀលធ្ងន់ៗដាក់សហរដ្ឋអាមេរិក សម្រាប់ការរៀបចំ​គំរោង ដើម្បីរឹតបន្តឹងទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ​ ប្រឆាំងមកលើទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ​ទីផ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៌មាន KCNA ដោយដកស្រង់សម្តី​របស់អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង បានចេញសេចក្តីរាយការណ៍ថា នៅក្នុង​​កិច្ចប្រជុំ​ពេញអង្គមួយ​នៃគណកម្មការ​គ្រប់គ្រងហិរញ្ញ​វត្ថុអន្តរជាតិ ដែលត្រូវបានប្រារព្ធ​ឡើងនៅទីក្រុងប៉ារីស​កាលពីកុម្ភៈ​កន្លងទៅ សហរដ្ឋអាមេរិក​ជាថ្មីម្តងទៀត​បានដាក់​កូរ៉េខាងជើងចូលទៅក្នុង​ប្រទេស ដែលចាំបាច់ត្រូវតែរារាំង​លំហូរហិរញ្ញវត្ថុ​ជាមួយប្រទេស​ដទៃៗទៀត។

អ្នកនាំពាក្យរូបនេះបានបន្តថា «ពួកគេថែម​ទាំងបានដាក់សម្ពាធ​លើអង្គការសង្គម​សម្រាប់​ទូរគមនាគមន៍ផ្នែក​ហិរញ្ញវត្ថុ​ នៃអន្តរធនាគារ​ពិភព​លោក (SWIFT) ដែលមាន​ទីស្នាក់ការ​កណ្តាលនៅប្រទេស​ប៊ែលហ្សិក ឲ្យកាត់ផ្តាច់រាល់ការទាក់ទង​ផ្នែកហិរញ្ញវត្ថុ ជាមួយបណ្តាធនាគារ​របស់​កូរ៉េខាងជើង​ទៀតផង»

គួរបញ្ជាក់ដែរថា​សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងកំពុងតែ​ពិចារណា​លើការហាមឃាត់​រាល់ការនាំចេញ​ប្រេង​ ទៅ​កាន់​ប្រទេស​​កូរ៉េ​ខាង​ជើង ដែល​នេះគឺជា​វិធានការ​ដាក់ទោសទណ្ឌថ្មីមួយទៀត​ប្រឆាំងការធ្វើតេស្ត​គ្រាប់នុយក្លេអ៊ែរ​លើកទី​៦ ​របស់​រដ្ឋ​កុម្មុយ​និស្ត​មួយ​នេះ ដែលនឹងអាចមាន​កម្លាំង​​ខ្លាំង​ជាង​មុន​ដល់​ទៅ​១៤​ដង​ ហើយ​អាច​​នឹង​​​ប្រព្រឹត្ត​ទៅ​នា​ពេល​ឆាប់ៗខាងមុខ៕