(បាដាត)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានធ្វើដំណើរទៅដល់ រដ្ឋធានីបាកដាដ​ហើយនៅថ្ងៃព្រហស្បតិ៍នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីមានការវាយប្រហារដោយ បំផ្ទុះគ្រាប់បែកអត្តឃាត​ដ៏អាក្រក់នៅឯប៉ុស្ដន៍ត្រួតពិនិត្យមួយកន្លែង ស្ថិតនៅភាគខាងត្បូងរដ្ឋធានីនៃប្រទេស អ៊ីរ៉ាក់។ នេះបើតាមសម្តីអាជ្ញាធរអ៊ីរ៉ាក់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោក Antonio Guterres គ្រោងនឹង​ជួបពិភាក្សា​ការងារជាមួយមន្ត្រី​កំពូលអ៊ីរ៉ាក់ រួមមានទំាង​លោកនាយករដ្ឋមន្រ្តី ហៃឌឺ អាល់ អាបាឌី និងប្រធានាធិបតី លោក ហ្វូអាត ម៉ាស៊ូម ស្ដីពីសង្រ្គាម​ប្រយុទ្ធប្រឆាំង​នឹងក្រុម ISIS ព្រមទាំងវិបត្តិ​មនុស្សធម៌ ខណៈប្រជាជន​អ៊ីរ៉ាក់រាប់ពាន់នាក់ កំពុងរត់គេចខ្លួន​ពីតំបន់សង្រ្គាមនៅ​ក្បែរបរិវេណ​ទីក្រុងម៉ូស៊ូល។

គួរបញ្ជាក់ថាបើតាមក្រុមមន្ត្រីអ៊ីរ៉ាក់ មនុស្ស១៣នាក់បានស្លាប់ និង២៤នាក់​រងរបួសដោយសារ​ការវាយប្រហារបំផ្ទុះគ្រាប់បែក​អត្តឃាតកាលពី​យប់ថ្ងៃពុធ ហើយភ្លាមៗ​ពុំទាន់មានក្រុមណាមួយ​ចេញមុខអះអាង​ទទួលខុសត្រូ​វនៅឡើយទេ ក៏ប៉ុន្តែក្រុម ISIS ត្រូវបានគេជឿជាក់ជា​អ្នកនៅពីក្រោយ​ការវាយប្រហារដ៏អាក្រក់នេះ៕