(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍នេះ ព្រឹត្តការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង។ ដូច្នេះសូមទស្សនាកម្រងរូបភាពសំខាន់ៗ ប្រចាំថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ ដូចខាងក្រោម៖

១៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwon ​បាននិយាយថា គំរោងទិញនាវាមុជទឹក០៣គ្រឿង មានតម្លៃជាង ៣៦ពាន់លានបាត (ជាង១ពាន់ លានដុល្លារអាមេរិក) របស់រដ្ឋាភិបាលយោធាថៃ ពីរដ្ឋាភិបាលទីក្រុងប៉េកាំង គឺជារឿងមួយគួរតែធ្វើ ស្របពេលការគំរាមកំហែងមកលើទឹកដីថៃ កំពុងរីកធំកាន់ តែខ្លាំង៕

២៖ មន្ត្រីការទូតអាមេរិក លោកស្រី Candace Marie Claiborne ត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ថា បានទទួលប្រាក់សំណូករាប់ម៉ឺនដុល្លារជាថ្នូរនឹង ការរផ្ដល់ឯកសារសម្ងាត់ របស់សហរដ្ឋអាមេរិក ឱ្យទៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិន។ ក៏ប៉ុន្តែលោកស្រី បានច្រានចោលរាល់ការចោទប្រកាន់ទំាងឡាយ ប្រឆាំងនឹងលោកស្រី៕

៣៖ ប្រឈមមុខនឹងការគំរាមកំហែងពីកូរ៉េខាងជើង គណបក្សកាន់អំណាចជប៉ុនបានជំរុញឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ ពិចារណា ឱ្យបានឆាប់រហ័ស​ក្នុងការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក (THAAD) នៅលើទឹកដីជប៉ុន ដើម្បីទប់ស្កាត់ការវាយប្រហារជាយថាហេតុណាមួយ ពីសំណាក់របបដឹកនាំទីក្រុងព្យុងយ៉ាង៕

៤៖ មនុស្ស១២នាក់បានស្លាប់ និង០៣នាក់ផ្សេងទៀតទទួលរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តក្រុងដឹកអ្នកដំណើរខ្នាតតូច បុកនឹងរថយន្តភីកអាប់ដឹកទំនិញ ស្ថិតនៅក្នុងរដ្ឋតិចសាស់ភាគខាងត្បូងសហរដ្ឋ​អាមេរិក នៅថ្ងៃពុធ ទី២៩ ខែមីនា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)៕

៥៖ មន្រ្តីរដ្ឋាភិបាលទីក្រុងម៉ានីល បាននិយាយថា ចិន និងហ្វីលីពីន នឹងបើកកិច្ចពិភាក្សាដោយផ្ទាល់ជាមួយគ្នា ស្តីពី​បញ្ហា​វិវាទ​ដែន​សមុទ្រ ​នៅ​ខែ​ឧសភា​ខាង​មុខនេះ ខណៈប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ កំពុង​ព្យាយាមពង្រឹងបន្ថែមនូវចំណងសេដ្ឋកិច្ចជាមួយទីក្រុងប៉េ​កាំង៕

៦៖ តុលាការមួយក្នុងទីក្រុងសេអ៊ូល នឹងធ្វើការសម្រេចចិត្ត នៅថ្ងៃព្រហស្បតិ៍នេះ ថាតើគួរចេញសាលដីកាឃាត់ខ្លួន ​អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រីផាក គឺនហេ ឬក៏យ៉ាងណា សម្រាប់បទចោទប្រកាន់នៅក្នុងសំណុំរឿង​ពុករលួយនយោបាយឆយ ស៊ូនស៊ីល ដែលនំាឱ្យលោកស្រីត្រូវខ្ទាតចេញពី តំណែងជាប្រធានាធិបតី។ នៅក្នុងករណី ការចោទប្រកាន់ធ្វើឡើងជាផ្លូវការ ហើយលោកស្រីផាក ត្រូវបានគេរកឃើញថាមានកំហុសដូចការចោទប្រកាន់ នោះ លោកស្រីអាចនឹងប្រឈមមុខជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ៕

៧៖ ដើម្បីខ្ទប់ដង្ហើមសេដ្ឋកិច្ច និងហិញ្ញវត្ថុ កុំឱ្យកូរ៉េខាងជើងយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង សហរដ្ឋអាមេរិក និងសម្ព័ន្ធ មិត្តបានដាក់ទណ្ឌកម្មជាច្រើន រហូតដល់ធ្វើឱ្យប្រទេសកុម្មុយនីស្ដឯកោមួយនេះ ក្លាយជាប្រទេសជាប់ទណ្ឌកម្មអន្តរជាតិច្រើនជាងគេបំផុតនៅលើពិភពលោក។ ក៏ប៉ុន្តែទន្ទឹមគ្នានឹងការចាត់វិធានការនេះ របបដឹកនាំទីក្រុងព្យុងយ៉ាង បានរិះគន់យ៉ាងខ្លាំង លើទីក្រុងវ៉ាស៊ីនតោន ហើយថានឹងមិនបោះបង់ចោលផ្លូវដែលខ្លួន កំពុងតែដើរជាដាច់ខាត រហូតក្លាយជារដ្ឋនុយក្លេអ៊ែរ៕