(កូរ៉េខាងត្បូង)៖ យោងតាមសារព័ត៌មានធំៗរបស់បរទេសដូចជា Reuters, BBC ចេញផ្សាយមុននេះបន្តិចវេលាម៉ោង​១៖៣០នាទីយប់ឈានចូល​ថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០១៧នេះបានឲ្យដឹងថា តុលាការក្នុងទីក្រុងសេអ៊ូល បានសម្រេចចេញដីកាចាប់ខ្លួន អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គីនហេ ដែលបានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ រំលោភអំណាច និងធ្វើឱ្យលេចធ្លាយឯកសាររដ្ឋាភិបាលជាដើម។

ជាងនេះទៅទៀត លោកស្រី ផាក គីនហេ ក៏ត្រូវបានជាប់សង្ស័យផងដែរថា បានរួម​គំនិត​ជាមួយមិត្តភក្តិឈ្មោះឆយស៊ូនស៊ីល បង្ខំឱ្យក្រុមហ៊ុនធំៗនៅ កូរ៉េខាងត្បូង បង់ប្រាក់ជាង៧០លានដុល្លារក្រោមរូបភាពជា​អំណោយ​ឱ្យទៅមូលនិធិគ្រប់គ្រងដោយស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល។ លោកស្រីអាចនឹង ប្រឈមមុខជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ។

សូមជំរាបថា ​កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧កន្លងទៅ តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ បានចេញ​សាលក្រមសម្រេចទម្លាក់លោក​ស្រី ផាក គឺនហេ ចេញពីតំណែង​ប្រធានាធិបតី បន្ទាប់ពីលោកស្រី​ផុងខ្លួន​នៅក្នុងរឿងអាស្រូវ​ពុករលួយ​នយោបាយ​ ឆយ ស៊ូនស៊ីល ហើយតាម​រយៈការសម្រេច​ចិត្តនេះ ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីថ្មីនឹងត្រូវធ្វើឡើងនៅ៦០ថ្ងៃ​បន្ទាប់៕