(អាមេរិក)៖ ទីបំផុតការតវ៉ាបានផ្ទុះឡើងហើយ នៅតាមបណ្តាទីក្រុងនានាទូទាំងសហរដ្ឋអាមេរិក ដែលបាតុកររាប់ពាន់នាក់បានស្រែកទាមទារឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ដកខ្លួនចេញពីសង្គ្រាមស៊ីរី បន្ទាប់ពីការបាញ់មីស៊ីលចំនួន ៥៩គ្រាប់ ទៅលើទឹកដីស៊ីរី ដើម្បីឆ្លើយតបនឹងការប្រើប្រាស់អាវុធគីមី ដែលមិនទាន់មានការស៊ើបអង្កេតច្បាស់លាស់ ថានរណាជាបង្កឲ្យប្រាកដច្បាស់ផងនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នារសៀលថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០១៧។
ការតវ៉ាបាន និងកំពុងកើតឡើងនៅទីក្រុងធំៗដូចជា ញូយ៉ក, ឡូស អាន់ជែឡេស, ជេកសុនវៀល, ឈីកាហ្គោ, ដាឡាស់, វ៉ាស៊ីនតោន, សាន់ហ្វ្រាន់ស៊ីស្កូ, និង សៀតថលផងដែរ ដោយក្រុមអ្នកតវ៉ាទាំងអស់បានសរសេរបដា និងស្រែកទាមទារឲ្យអាមេរិក បញ្ឈប់ប្រតិបត្តិការគាំទ្រសង្គ្រាមនៅស៊ីរី និងឈប់ចូលដៃចូលជើងជាមួយសម្ព័ន្ធមិត្តក្នុងការវាយប្រយុទ្ធបង្ហូរឈាមនៅប្រទេសស៊ីរីទៀត ខណៈដែលសង្គ្រាមដែលបានអូសបន្លាយតាំងពីឆ្នាំ២០១១ មកដល់ឆ្នាំ២០១៧នេះ កាន់តែអាក្រក់ខ្លាំងឡើងហើយ។
យោងតាមសេចក្តីរាយការណ៍ជាបឋម នៅទីក្រុងញូយ៉កបាតុករខ្លះបានប៉ះទង្គិចបង្កហឹង្សា ជាមួយនឹងសមត្ថកិច្ច ដែលបង្កឲ្យមានការចាប់ខ្លួនមួយចំនួនផងដែរ ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតយ៉ាងណានោះ មិនទាន់មានការបញ្ជាក់បន្ថែមនោះឡើយ៕ សូមទស្សនាវិដេអូ៖