(វ៉ាស៊ីនតោន)៖ ការវាយប្រហាររបស់សហរដ្ឋអាមេរិក ទៅលើមូលដ្ឋានទ័ពអាកាសស៊ីរីបាននិងកំពុងបង្កជា ភាពចម្រូងចម្រាស់យ៉ាងខ្លាំងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានអះអាងថា ការប្រើប្រាស់កម្លាំងយោធាលើស៊ីរីនេះ មិនមែនសំដៅតែ ទៅលើស៊ីរីនោះទេ ប៉ុន្តែវាក៏ជាសារព្រមានដល់កូរ៉េខាងជើងថា សហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ នឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់កម្លាំងយោធា នៅក្នុងករណីចាំបាច់។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។  

ការលើក​ឡើងបែបនេះ​របស់លោក ធីល្លឺសុន ធ្វើឡើងបន្ទាប់ពី​កូរ៉េខាងជើងបានថ្កោលទោស និងចាត់ទុកថា ការវាយប្រហារ​របស់​សហរដ្ឋអាមេរិក​លើស៊ីរី គឺជាសកម្មភាព​ឈ្លានពាន​មិនអាចអត់ឱ្យបាន ​ដូច្នេះ​ទើបកូរ៉េខាងជើងត្រូវតែមាន និងអភិវឌ្ឍន៍អាវុធ​នុយក្លេអ៊ែរ។ លោក ធីល្លឺសុន នៅក្នុងបទ​សម្ភាសន៍​ជាមួយស្ថានីយ៍​ទូរទស្សន៍ CBS បានគូសបញ្ជាក់​ដូច្នេះថា «ការវាយប្រហារ​លើមូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី ឆ្លើយតបទៅ​នឹងការប្រើប្រាស់​​អាវុធគីមី គឺជាការ​ព្រមាន​ចំពោះ​ប្រទេសដទៃៗ​ទៀត រួមទាំង​កូរ៉េខាងជើង​ថា ពួកគេនឹងបាន​ភ្លក់មេរៀនដូចជា​ស៊ីរី បើសិនជា​ហ៊ានបង្កគ្រោះ ថា្នក់»

ទោះបីយ៉ាងណា​ការប្រើប្រាស់​កម្លាំងយោធាលើ​កូរ៉េខាងជើង ប្រហែលជាមិន​អាចកើតឡើងឡើយ ជាក់ស្ដែងបើតាមប្រភពពីក្រសួងការពារជាតិជប៉ុន ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ មានភាគរយតិចណាស់​ដែល​សហរដ្ឋអាមរិក នឹងវាយប្រហារលើទីក្រុងព្យុងយ៉ាង។ ម្យ៉ាងវិញទៀត បើទោះជា​សហរដ្ឋអាមេរិក ​ប្រកាសសង្រ្គាម​ជាមួយកូរ៉េខាងជើង ក៏ជប៉ុននិងកូរ៉េខាងត្បូង មុខជានឹងចេញមុខរារាំង មិនឱ្យសម្ព័ន្ធមិត្តចាក់ទឹកមិនលិច មួយនេះ​ធ្វើដូច្នោះដែរ ព្រោះថាបើសង្រ្គាមផ្ទុះឡើង កូរ៉េខាងត្បូង និងជប៉ុន​គឺជាជនរងគ្រោះ​ពិតប្រាកដ មិនមែនសហរដ្ឋអាមេរិកនោះទេ៕