(ឡុងដ៍)៖ អាជ្ញាធរនិយ័តកម្មអង់គ្លេស បានបើកការស៊ើបអង្កេតលើនាយកប្រតិបត្តិ (CEO) ធនាគារ Barclays លោក Jes Staley រួមទាំងធនាគារអង់គ្លេសមួយនេះតែម្ដង ពាក់ព័ន្ធនឹងការព្យាយាម កំណត់ពីអត្តសញ្ញាណអ្នករាយការណ៍ពី អំពើពុករលួយដែលបានកើតឡើង។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនធនាគាអង់គ្លេស Barclays បានឱ្យដឹងថា ការស៊ើបអង្កេតនេះ ដឹកនាំដោយអាជ្ញាធរហិរញ្ញវត្ថុ និងអាជ្ញាធរនិយ័តកម្មធនាគារអង់គ្លេសក្នុងគោលបំណងបកស្រាយ​អំពី​រឿងរ៉ាវរបស់លោក Jes Staley កាលពីឆ្នាំមុនដែលបានសុំឲ្យមានការ​បញ្ជាក់​អត្តសញ្ញាណ​ម្ចាស់សំបុត្រ​ម្នាក់ ដែលបានរាយការណ៍​ពីភាពមិនប្រក្រតី និងអំពើពុករលួយ​នៅក្នុង​ធនាគារ​អង់គ្លេស​​ដ៏ធំមួយនេះ។

គួរបញ្ជាក់ថា​​បើតាមការស៊ើបអង្កេត​ដាច់ដោយឡែក ធ្វើឡើងដោយ​ក្រុមប្រឹក្សាភិបាល​ធនាគារ Barclays លោក Staley ពិតជាបាន​ប្រព្រឹត្តកំហុស ហើយពួកគេក៏នឹងចេញ​លិខិតព្រមាន និងកាត់ប្រាក់ខែ CEO​ រូបនេះផងដែរ។ ប៉ុន្តែព្រមពេលជាមួយគ្នា ពួកគេបែរជាអះអាងថានឹងគាំទ្ររូបលោកឱ្យបន្ត កាន់តំណែងជា CEO ដដែល​នៅក្នុងការបោះឆ្នោតមួយ​ ដែលនឹងត្រូវធ្វើឡើង​ក្នុងកិច្ចប្រជុំ​ប្រចាំឆ្នាំ នៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះ​ទៅវិញ។ រីឯកំហុស​របស់លោក Jes Staley ក៏ពុំទាន់ត្រូវបាន​គេបញ្ជាក់ឱ្យច្បាស់​នៅឡើយដែរ៕