(ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងនៅថ្ងៃចន្ទនេះថា ការបង្គាប់បញ្ជា របស់លោកទៅកាន់​កម្លាំងយោធាឲ្យ​ធ្វើ​ការពង្រឹងតំបន់មួយចំនួន ដែលទីក្រុងម៉ានីលគ្រប់គ្រងនៅ ដែនសមុទ្រចិនខាងត្បូង គឺដើម្បីរក្សាតុល្យភាព​ភូមិសាស្រ្តនយោបាយ ហើយ​លោក ឌូតឺតេ បានធានា​អះអាងដល់ប្រទេសចិនថា ពុំមានសព្វាវុធទំនើបៗណាមួយត្រូវ​បាន​បំពាក់នៅទីនោះឡើយ។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលើកឡើងថា ហ្វីលីពីនចង់​បានសន្តិភាព និងចំណងមិត្តភាព​ជាមួយចិន ប៉ុន្តែប្រទេស​របស់លោក ត្រូវការពង្រឹង​ទឹក​​ដី​​ដែលខ្លួនមាននៅ​ប្រជុំកោះ Spartly ក្នុងដែនសមុទ្រ​ចិនខាងត្បូង ដោយសារតែ​រូបលោក​បានអះអាងថា អ្នករាល់គ្នា​កំពុង​តែ​ស្រវ៉ា​​ចាប់​យក​បណ្តា​កោះ​​និង​តំបន់​ថ្មប៉ប្រះ​​ទឹកនានា នៅក្នុងផ្លូវទឹកមាន​ជម្លោះនេះ។ លោក ឌូតឺតេ បានបញ្ជាក់ប្រាប់​ទីក្រុងប៉េកាំងថា ទីក្រុងម៉ានីល​ពុំ​មានបំណងចង់​ដំឡើងសាច់ដុំយោធា​នោះទេ ហើយបានសន្យាថា នឹងពុំមានសព្វាវុធ​ទំនើបៗណា​ត្រូវបំពាក់​នៅទីនោះឡើយ។

គួរបញ្ជាក់ថាបុរសខ្លាំងហ្វីលីពីនរូបនេះ បានធ្វើឲ្យមានក្តីព្រួយបារម្ភឡើងនាថ្ងៃព្រហស្បតិ៍​សប្តាហ៍មុននេះ រួមមានទាំង​ទីក្រុងប៉េកាំង​ផងដែរ នៅពេលដែល​រូបលោក ឌូតឺតេ បាននិយាយថា​រូបលោក បានចេញបញ្ជា​ឲ្យកងកម្លាំង​យោធាទៅកាន់កាប់ បណ្តាកោះ​និងតំបន់ថ្មប៉ប្រះ​​ទឹក​​ទំនេរៗ ដែលហ្វីលីពីន​បានទាមទារគ្រប់គ្រង​នៅប្រជុំកោះ Spratly ក្នុងដែនសមុទ្រចិនខាងត្បូង ប៉ុន្តែមន្រ្តីយោធា​ការពារជាតិ​ហ្វីលីពីន បាន​ចេញមុខ​បកស្រាយ​វិញថា គំរោងនោះ​គឺដើម្បីអភិវឌ្ឍន៍​មូលដ្ឋានដែល​ហ្វីលីពីនមានវត្តមានស្រាប់ ដោយមិនមែនទៅរុករានកាន់កាប់តំបន់កោះថ្មីឡើយ៕​