(អ៊ីតាលី)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយថា នឹងប្រើឱកាស​នៃកិច្ចប្រជុំ G7​ ក្នុងប្រទេសអ៊ីតាលី ដើម្បីជំរុញឱ្យមានការដាក់ ទណ្ឌកម្មបន្ថែមកាន់តែខ្លាំង ប្រឆាំងនឹងរុស្ស៊ី បើសិនជាទីក្រុងម៉ូស្គូ មិនព្រមកាត់ផ្ដាច់ទំនាក់ទំនង ជាមួយប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ ទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Independent នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។

កិច្ចប្រជុំ G7 ប្រពឹត្តិទៅនៅថ្ងៃចន្ទនេះ នៅឯទីក្រុង Lucca ប្រទេសអ៉ីតាលី (ម៉ោងនៅក្នុងតំបន់) ហើយក៏គេរំពឹងដែរថា នៅក្នុងជំនួបនេះរដ្ឋ​មន្រ្តីការ​បរទេស​ទំាង០៧ នឹងពិភាក្សាគ្នាដោយផ្ដោតសំខាន់លើថា តើធ្វើដូចម្ដេចទើបអាចដាក់សម្ពាធលើរុស្ស៊ីឱ្យឈប់គាំទ្រប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ ក៏ដូចជាបញ្ជាក់ឱ្យ បានច្បាស់ពីគោលនយោបាយអាមេរិក ចំពោះស៊ីរីនៅក្នុងបរបទដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ហាក់ដូចជា មានភាពស្រពិចស្រពិលនៅឡើយ។ ជាងនេះទៅទៀត ពួកគេក៏នឹងស្វែងរកផងដែរ គោលជំហររួមមួយស្ដីពីការដាក់ទណ្ឌកម្មលើរបបស៊ីរី និងរុស្ស៊ី បន្ទាប់ពីមានការវាយប្រហារដោយ អាវុធគីមីសម្លាប់មនុស្ស៨៩នាក់ នៅក្នុងខេត្ត Idlib កាលពីសប្ដាហ៍មុន។

គួរបញ្ជាក់ថា កាលពីដំបូងឡើយគឺគ្មាននោះទេ G7 ពោលគឺមានតែ G8 ក៏ប៉ុន្តែដោយសារតែរុស្ស៊ី ត្រូវបានព្យួរសមាជិកភាព ទើបបច្ចុប្បន្ននៅសល់​សមាជិក តែ០៧ រួមមាន សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ បារំាង អង់គ្លេស អ៊ីតាលី និងកាណាដា៕