(ព្យុងយ៉ាង)៖ យោងតាមបណ្តាញព័ត៌មាន AFP ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍នេះបានឲ្យដឹងថា សង្គ្រាមពាក្យសម្តីនៅតែបន្តផ្ទុះឡើងរវាង កូរ៉េខាងជើង និងអាមេរិក ខណៈនៅក្នុងអំឡុងព្យុហយាត្រារំលឹកខួបទី១០៥ឆ្នាំ នៃបិតាស្ថាបនិក គីម អ៊ីលស៊ុង នោះទីក្រុងព្យុងយ៉ាងបានយកឱកាសនោះ ធ្វើការវាយប្រហារដោយពាក្យសម្តី ការសំញ៉ែងសព្វាវុធទំនើបៗ និងធ្វើការចោទប្រកាន់ជាច្រើនទៀតទៅលើសហរដ្ឋអាមេរិក ហើយក្នុងស្ថានការណ៍ដ៏សែនផុយស្រួយបំផុតនេះ (អាចផ្ទុះសង្គ្រាមគ្រប់ពេលវេលា) កូរ៉េខាងជើងបានដុតកម្តៅបន្ថែមទៀតថា ទីក្រុងព្យុងយ៉ាងនឹងប្រើអាវុធនុយក្លេអ៊ែរ តបតនឹងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ដូចគ្នាពីសត្រូវ, នេះបើយោងតាមមន្រ្តីកំពូលលំដាប់ទី២ របស់កូរ៉េខាងជើង ថ្លែងប្រាប់សារព័ត៌មាន AFP ។
គួរបញ្ជាក់ថា នៅអំឡុងពាក់កណ្តាលខែមេសានេះ គឺកូរ៉េខាងជើងតែងតែរៀបចំពិធីដ៏ធំដុំបំផុត ដើម្បីអបអរ «ទិវានៃព្រះអាទិត្យ» ដែលចង់សំដៅទៅលើពន្លឺនៃការចាប់កំណើត របស់បិតាស្ថាបនិក គឺលោក គីម អ៊ីលស៊ុល ជាមេដឹកនាំជំនាន់ទីមួយនៅកូរ៉េខាងជើង ដែលបានប្រសូត្រកាលពី ១០៥ ឆ្នាំមុន និងបានទទួលមរណភាពកាលពីឆ្នាំ១៩៩៤។ គ្រប់គ្នាកំពុងរង់ចាំមើលថា តើនឹងមានអ្វីកើតឡើង ខណៈមានការវិភាគថា នឹងមានការបំផ្ទុះអាវុធនុយក្លេអ៊ែរ ដែលជាការបង្ខំឲ្យអាមេរិក បញ្ជូននាវាដឹកយន្តហោះចម្បាំងមកកាន់ឧបទ្វីបកូរ៉េ ដើម្បីត្រៀមទប់ទល់នឹងការបង្កហេតុនេះ៕