(ញូដេលី)៖ កម្តៅដ៏សែនក្តៅហួតហែង​បាន និងកំពុងតែវាយលុកនៅក្នុងប្រទេសឥណ្ឌា ដោយនៅតំបន់ខ្លះនៃប្រទេស សីតុណ្ហ​ភាពបានកើនឡើងដល់ទៅ ៤៥អង្សាសេឯណោះ ហើយបើគិតចាប់​តាំងពីដើមខែមេសានេះមក មនុស្សយ៉ាងតិចចំនួន​៣៧នាក់ បានបាត់បង់ជីវិត​នៅ​​ក្នុង​រដ្ឋ Telangana ភាគខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។

នាយកដ្ឋាន​ឧតុនិយ​មឥណ្ឌាបានចេញ​សេចក្តីថ្លែងការណ៍​ឲ្យដឹងថា នាថ្ងៃពុធម្សិលមិញ​នេះ ​នៅតាមតំបន់​ជាច្រើនក្នុងទីក្រុង រដ្ឋ និង​តំបន់មួយចំនួន​រួមមាន Punjab, Haryana, Chandigarh, Delhi, Jharkhand, Madhya Pradesh, Madhya Maharashtra និង Uttar Pradesh, Maharashtra, Chandrapur, New Delhi បានកើនឡើង​កម្តៅនៅក្នុង​កម្រិតធ្ងន់ធ្ងរ​ជាខ្លាំង ដែលមានសីតុណ្ហ​ភាពចន្លោះ​ពី​​ ៤៥ដល់៤៦.២អង្សាសេ។

ជុំវិញបញ្ហានេះ​រដ្ឋាភិបាល​ឥណ្ឌាបានសម្រេចចិត្ត​ បន្លាយរយៈពេល​សម្រាប់វិស្សមកាល​នារដូវក្តៅ​របស់សិស្សសាលា ដោយសារ​ស្ថាន​ភាព​កម្តៅធ្ងន់ធ្ងរ​កើតមានឡើង​ស្ទើរតែពាសពេញ​ផ្ទៃប្រទេស និងបានចេញ​សេចក្តីណែនាំ​ក្រើនរំលឹកកុំ​ឲ្យប្រជាពលរដ្ឋ ដើរហើរទៅ​​​ណា​ឆ្ងាយពីផ្ទះសម្បែង​រៀងៗខ្លួន ជាពិសេស​នៅចន្លោះម៉ោង១១​ជិតថ្ងៃត្រង់ និងម៉ោង៤រសៀល ដើម្បីជៀសវាង​ទទួលរងគ្រោះដោយ​សារតែកម្តៅ​ដ៏ខ្លាំងក្លានេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦កន្លងទៅនេះ ប្រជាជនឥណ្ឌា​ចំនួនជិត​៥០០នាក់បានបាត់បង់ជីវិត​ដោយសារតែការ​កើនឡើង​កម្តៅដល់​ទៅ​៥១អង្សាសេ ខណៈមនុស្ស​មិនតិច​ជាង២,៥០០នាក់នោះឡើយ​បានស្លាប់កាលពីរដូវក្តៅ​ក្នុងឆ្នាំ២០១៥៕