(អ៊ីស្លាម៉ាបាត)៖ តុលាការកំពូលប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍នេះ បានបង្គាប់ឱ្យមាន​ការស៊ើបអង្កេតបន្ថែម ពាក់ព័ន្ធនឹងការចោទប្រកាន់ពីសំណាក់គណបក្សប្រឆាំងដែលថា លោកនាយករដ្ឋមន្ត្រី Nawaz Sharif បានប្រព្រឹត្តអំពើពុករលួយ ក៏ប៉ុន្តែពួកគេបែរជាមិនមានភស្ដុតាងគ្រប់គ្រាន់ដើម្បីទម្លាក់លោកចេញ ពីតំណែងទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។

គួររំលឹកថា កាលពីឆ្នាំ២០១៦ តុលាការបានបើក​ការស៊ើបអង្កេតមួយ លើក្រុមហ៊ុន​នៅឯក្រៅប្រទេស​របស់គ្រួសារ លោក Sharif បន្ទាប់ពីគណបក្ស​ប្រឆាំង គំរាមធ្វើបាតុកម្មតវ៉ា​នៅតាមដងផ្លូវ។

គណបក្សប្រឆាំងប៉ាគីស្ថាន​បានចោទប្រកាន់​ថា លោក Sharif បានបរាជ័យ​ក្នុងការពន្យល់​ពីប្រភពប្រាក់​ចំណូល នៅក្នុងក្រុមហ៊ុន​លួចលាក់នៅឯក្រៅ ប្រទេសដែល​ជាកម្មសិទ្ធិកូន​របស់លោក ព្រមទំាងបាន​កុហុករដ្ឋសភាថែមទៀត។ ក៏ប៉ុន្តែលោក Sharif និងគ្រួសារ បានបដិសេធការ​ចោទប្រកាន់ទំាងនេះ៕