(សេអ៊ូល)៖ យន្តហោះចម្បាំងទំនើបៗសរុបមិនក្រោម១០០គ្រឿងនោះឡើយ របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចូលរួម​សមយុទ្ធ​ការពារជាតិប្រចាំឆ្នាំថ្មីមួយទៀត ដែលបាន និងកំពុងប្រព្រឹត្តទៅនៅតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។

សមយុទ្ធយោធាផ្លូវអាកាសមានឈ្មោះថា Max Thunder ដែលមានរយៈពេលពីរសប្តាហ៍ បានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែមេសា សប្តាហ៍​មុន​នេះ ហើយក៏មានការចូលរួមផងដែរ ពីសំណាក់នាយទាហានប្រមាណជា១,២០០នាក់ ដោយបូករួមទាំងកងទ័ពអាមេរិកឈរ​ជើង​នៅ​​​ក្នុង​ប្រទេសជប៉ុន។

ក្នុងការហ្វឹកហាត់ខាងលើនេះ កូរ៉េខាងត្បូងបានបញ្ចេញយន្តហោះយន្តចម្បាំងទំនើបៗរបស់ខ្លួន ដូចជា F-15K, KF-16, FA-50, F-4E, និង F-5 រួមទាំងប្រភេទយន្តហោះមួយចំនួនផ្សេងទៀត។ រីឯភាគីអាមេរិកវិញ ក៏បានបញ្ជូនយន្តហោះចម្បាំងធុន F-16s, AV8Bs, EA-18Gs និងយន្តហោះស៊ើបការណ៍ U-2 របស់ខ្លួនមកកាន់ឧបទ្វីបកូរ៉េ ដើម្បីចូលរួមសមយុទ្ធផងដែរ។

គួរបញ្ជាក់តាមយោធាកូរ៉េខាងត្បូងថា តាមរយៈការដុសខាត់សមត្ថភាពលើកនេះ កងទ័ពជើងអាកាសកូរ៉េខាងត្បូង និងអាមេរិក បាន​បង្ហាញ​អំពីសមត្ថភាពដ៏ល្អឥតខ្ចោះក្នុងការយកឈ្នះទៅលើសត្រូវ និងឆ្លើយតបចំពោះសកម្មភាពបង្ករឿងគ្រប់ទម្រង់បាន នៅ​រាល់​ពេលវេលា​ និងគ្រប់ទីកន្លែងទាំងអស់។ ម៉្យាងវិញទៀតការធ្វើសមយុទ្ធរួមនេះ បានផ្តល់នូវឱកាសដ៏វិសេសមួយ ដើម្បី​ហ្វឹក​ហាត់​ជាមួយ​គ្នា ក៏ដូចជា​បង្កើនជំនាញ និងបច្ចេកទេសយុទ្ធសាស្រ្តដែលពុំអាចខ្វះបាន សម្រាប់សន្តិសុខក៏ដូចជាសន្តិភាពនៃឧបទ្វីបកូរ៉េទាំងមូល៕