(ឥណ្ឌូនេស៊ី)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលចំនួន៣ នៅទ្វីបអាស៊ីនាខែវិច្ចិកា ឆ្នាំ២០១៧នេះ។ នេះបើតាមសម្តីលោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងនៅក្នុងទីក្រុង Jakarta អំឡុងពេលបំពេញទស្សនកិច្ច ទៅកាន់ទីស្នាក់ការសមាគមអាស៊ាន នាថ្ងៃព្រហស្បតិ៍តនេះ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នាយប់ថ្ងៃទី២០​ ខែមេសា ឆ្នាំ២០១៧នេះ។

លោកអនុប្រធានាធិបតី បានឲ្យដឹងតាមរយៈរបាយការណ៍ បន្ទាប់ពីកិច្ចប្រជុំជាមួយអគ្គលេខាធិការ សមាគមអាស៊ានថា លោក ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត ដែលនឹងប្រារព្ធឡើងនៅហ្វីលីពីន ព្រមទាំងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក ដែលប្រារព្ធឡើងនៅវៀតណាម។

លោកអនុប្រធានាធិបតី បានបន្ថែមថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងធ្វើការជាមួយអាស៊ាន លើបញ្ហាសន្តិសុខ និងពាណិជ្ជកម្ម ព្រមទាំងនៅតំបន់សមុទ្រចិនភាគខាងត្បូងផងដែរ៕