(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បានថ្លែងឲ្យដឹងថា រូបលោកបានបញ្ជាឲ្យបើកការ​ស៊ើបអង្កេត​ទៅ​លើក្រុមហ៊ុនទូរស័ព្ទចល័តមួយមានឈ្មោះថា Movistar ក្រោមការសង្ស័យថា បានផ្ញើសារញុះញង់ឲ្យប្រជាជន​នាំគ្នាធ្វើបាតុកម្ម​ប្រឆាំង​នឹងរដ្ឋាភិបាលឆ្វេងនិយមរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃ​សុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។

ស្របពេលដែលប្រទេសវេណេស៊ុយអេឡា បាននិងកំពុងបន្តឆ្លងកាត់ភាពវឹកវរជាបន្តបន្ទាប់គ្នាឥតឈប់ឈរនាពេលថ្មីៗនេះ ជាមួយការ​​​ធ្វើបាតុកម្មទ្រង់ទ្រាយដ៏ធំសម្បើមថ្មីមួយទៀតរបស់​គណបក្សប្រឆាំង នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេឡា បានចោទប្រកាន់ថា ក្រុមអ្នកតវ៉ាទាំងឡាយនៅ​តាម​ដង​ផ្លូវ​នានានោះ សុទ្ធតែជាភេរវករដែលកំពុងរៀបចំគម្រោងការអាក្រក់ ដើម្បីធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី។

ជាមួយគ្នានេះដែរ លោក Nicolas Maduro បាន​ថ្លែងសារដែលត្រូវបានផ្សាយផ្ទាល់តាមកញ្ចប់ទូរទស្សន៍ថា ​​ក្រុមហ៊ុន​បណ្តាញទូរគមនាគមន៍ Movistar បានទទួលសំណូកពីក្រុមបក្សប្រឆាំង ឲ្យធ្វើការចែកចាយព័ត៌មានអំពីការធ្វើបាតុកម្មនេះ។ លោកប្រធានាធិបតីបានលើក​ឡើង​យ៉ាងដូច្នេះថា «ខ្ញុំសូមថ្កោលទោសចំពោះក្រុមហ៊ុន Movistar និងស្នើឲ្យមានការស៊ើប​អង្កេត​ជាបន្ទាន់ ដោយពួកគេបានចូលរួម​​​ញុះ​ញង់​​ ឲ្យមានការធ្វើរដ្ឋប្រហារប្រឆាំង​នឹង​ប្រទេសជាតិ​របស់ខ្លូន»

គួរបញ្ជាក់ថា យោងតាមលោក Maduro ក្រុមហ៊ុនទួរស័ព្ទចល័ត Movistar បានផ្ញើសារ​រាប់លានទៅកាន់​អ្នកប្រើប្រាស់ នៃបណ្តាញទំនាក់​ទំនងរបស់ខ្លួន ដ៏មានប្រជាប្រិយ​បំផុតនៅក្នុង​ប្រទេស ដែលមានតម្លៃដល់​ទៅជាង​​១០០លានដុល្លារ​សហរដ្ឋអាមេរិក ខណៈក្រុមហ៊ុន​ដ៏​ល្បីនេះ មិនបានផ្តល់ការឆ្លើយតបភ្លាមៗចំពោះសំណើសុំធ្វើការអធិប្បាយនៅឡើយទេ។

គួររំលឹកទៀតថា មនុស្សពីរនាក់បានបាត់បង់ជីវិតដោយសារតែការធ្វើបាតុកម្មដ៏ធំសម្បើមថ្មីទៀត ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសវេ​ណេ​ស៊ុយ​អេឡា ដោយក្រុមអ្នកតវ៉ាបានធ្វើការទាមទារឲ្យប្រធានាធិបតី លោក Nicolas Maduro ចុះចេញពីតំណែងនៅចំពោះមុខវិបត្តិសេដ្ឋកិច្ច​ដ៏​ធ្ងន់​ធ្ងរ ​របស់ប្រទេស​អាមេរិកឡាទីនមួយនេះ។

ការប្រមូលផ្តុំគ្នា​ទ្រង់ទ្រាយធំ​ជាច្រើនកន្លែង ត្រូវបានធ្វើឡើង​នៅទូទាំង​រដ្ឋធានីការ៉ាកាស់ រួមទាំងទីក្រុងធំៗ​ដទៃៗទៀតសាជាថ្មី បន្ទាប់​ពីការ​​​ធ្វើ​បាតុកម្មហិង្សា​អស់រយៈពេល​ជាច្រើនសប្តាហ៍កាលពីលើកមុន ដែលបានបណ្តាល​ឲ្យមនុស្សចំនួន០៦នាក់ស្លាប់ និងបង្កឲ្យមាន​ជាការប៉ះទង្គិចគ្នា​ជា​ច្រើនលើក​ច្រើនសារ រវាងក្រុមបាតុករប្រឆាំង​រដ្ឋាភិបាល​ និងកងកម្លាំងរក្សាសន្តិសុខ។ សរុបចំនួនមនុស្សស្លាប់​ក្នុងបាតុកម្ម​ទ្រង់ទ្រាយធំទាំងពីរលើកនេះ មានចំនួន ០៨នាក់ហើយ៕