​(វ៉ាស៊ីនតោន)៖ ​មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​បាន​ប្រាប់ ​CNN ​នៅមុន​នេះ​បន្តិច​ថា ​កងទ័ពអាកាស​ជួរមុខ ​អម​ដោយ​យន្តហោះ​ចម្បាំង ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​-​មី​ស៊ី​ល​របស់​ប្រទេស​ចិន ​ត្រូវ​បាន​ទទួល​បាន​បញ្ជា​ឲ្យ​ស្ថិតនៅ​ក្នុង​​ការ​ប្រុង​ជើងការ​កម្រិតខ្ពស់​បំផុត ​ខណៈ​ដែល​សហរដ្ឋអាមេរិក​មើលឃើញ​ថា ​ចិន​កំពុង​ត្រៀមខ្លួន​ឆ្លើយតប​​នឹង​ស្ថានការណ៍​នៅ​កូរ៉េខាងជើង ​ក្នុងករណី​មានការ​ផ្ទុះ​សង្គ្រាម​ឡើង​។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​ពី ​CNN ​នា​ព្រឹក​ថ្ងៃសុក្រ ​ទី២១ ​ខែមេសា ​ឆ្នាំ២០១៧​។

មន្ត្រីខាងលើនេះបានបញ្ជាក់បន្ថែមទៀតថា អាមេរិកក៏បានឃើញនូវយន្តហោះចម្បាំងចិនជាច្រើនគ្រឿង​មិនធ្លាប់មាន ដែលត្រូវបានទីក្រុងប៉េកាំងចេញបញ្ជាឲ្យស្ថិតនៅក្នុងការប្រុងជើងការកម្រិតខ្ពស់ និងត្រៀម​លក្ខណៈឲ្យបានរួចរាល់តែម្តង នៅក្នុងការបំពេញប្រតិបត្តិការបន្ទាន់។ ក្រសួងការពារជាតិអាមេរិកបាន​ហៅសកម្មភាពរបស់ចិននោះថា «ជាការត្រៀមខ្លួនរួចរាល់ឲ្យបានលឿន» នៅក្នុងការឆ្លើយតបក្នុងករណី​មានហេតុការណ៍បន្ទាន់ណាមួយកើតឡើងនៅកូរ៉េខាងជើង។

បន្ថែមពីនេះសហរដ្ឋអាមេរិកបានធ្វើការព្រមានផងដែរថា ការរៀបចំបង្ហាញសាច់ដុំរបស់ចិននេះ គឺជា​ហានិភ័យមួយនៅក្នុងករណីមានការផ្ទុះឡើង នូវជម្លោះប្រដាប់អាវុធក្នុងតំបន់ឧបទ្វីបកូរ៉េ ប្រសិនបើមាន​ការបង្កហេតុណាមួយ​ដោយកូរ៉េខាងជើង ដូចជាការបាញ់មីស៊ីលសាកល្បងនោះ។

រហូតមកដល់ពេលនេះ កូរ៉េខាងជើង និងអាមេរិក នៅតែស្ថិតក្នុងសង្គ្រាមពាក្យសម្តីនៅឡើយ តាមរយៈ​ព័ត៌មាននានាដែល​បានចេញផ្សាយ​ដូចជា «អាមេរិកត្រៀមខ្លួនរួចរាល់​ដើម្បីទប់នឹងកូរ៉េខាងជើង» ហើយ «កូរ៉េខាងជើងក៏ព្រមាន​កម្ទេចអាមេរិក និងសម្ព័ន្ធមិត្តឲ្យទៅជាផេះផង់ផងដែរ ក្នុងករណីដែលមាន​សង្គ្រាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េនោះ»។

មិនត្រឹមតែប្រទេសចិន ដែលជាសម្ព័ន្ធមិត្តនឹងកូរ៉េខាងជើងនោះទេ សូម្បីរុស្ស៊ីក៏មានសេចក្តីរាយការណ៍ត្រូវ​បានចេញផ្សាយផងដែរថា បានធ្វើការដាក់ពង្រាយទ័ព និងសព្វាវុធនៅតែក្បែរព្រំដែនកូរ៉េខាងជើង​រួចជាស្រេច ប៉ុន្តែទីក្រុងម៉ូស្គូបានអះអាងថា វាស្ថិតនៅក្នុងន័យការពារសន្តិសុខ ក្នុងករណីមាន​ជនភៀសខ្លួន​កូរ៉េខាងជើងហូរចូល​ក្នុងដែនរុស្ស៊ីក្នុងករណីមានសង្គ្រាមផ្ទុះឡើងប៉ុណ្ណោះ៕