(ហ្សាការតា)៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence បានជជែក​ពិភាក្សា​ជាមួយប្រធានាធិបតីឥណ្ឌូ​ណេ​ស៊ី ​លោក Joko Widodo អំពីភាពរាំងស្ទះមួយចំនួននៃបណ្តា​ក្រុមហ៊ុន​អាមេរិក ដែលធ្វើប្រតិបត្តិការនៅក្នុង​ប្រជាជាតិ​កំពូលសេដ្ឋកិច្ច​ប្រ​ចាំ​នៅតំបន់អាស៊ី​អាគ្នេយ៍មួយនេះ ហើយលោក Pence ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀម មានតម្លៃដល់ទៅជាង ១០ពាន់លានដុល្លារជាមួយ​ក្រុមហ៊ុន​ធំៗទាំងអស់នោះផងដែរ មុននឹងបានចាកចេញទៅអូស្ត្រាលី ជាកិច្ចបញ្ចប់នៃដំណើរទស្សនកិច្ចនៅអាស៊ី។​ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃ​សុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។

លោក Mike Pence បានថ្លែងឲ្យ​ដឹងយ៉ាងដូច្នេះ​ថា «ពួកយើងយល់ឃើញថា​ វាមានឱកាស​ជាច្រើន សម្រាប់បើកផ្លូវ​ឲ្យក្រុមហ៊ុន​អាមេរិក ធ្វើការចូលរួមចំណែកកាន់តែខ្លាំងក្លា​ជាងមុនថែមទៀត នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី»។ កិច្ចព្រមព្រៀង​ចំនួន១១ នឹងត្រូវចុះ​ហត្ថលេខា​ជាមួយបណ្តា​ក្រុមហ៊ុនរួម​មានដូចជា Exxon Mobil, Lockheed Martin, និង General Electric នៅថ្ងៃសុក្រ​នេះ ដែលជាថ្ងៃចុងក្រោយ​​នៃ​ដំណើរបំពេញ​ទស្សនកិច្ច របស់លោក​អនុប្រធានាធិបតី​អាមេរិក នៅឥណ្ឌូណេស៊ី មុនពេលលោកបាន​ចាកចេញពីកាន់​អូស្រ្តាលីបន្តទៀត​នា​រសៀលថ្ងៃដដែល។

គួរបញ្ជាក់ថា លោក Mike Pence បានធ្វើដំណើរ​មកដល់រដ្ឋធានី​ហ្សាការតា​កាលពីល្ងាច​ថ្ងៃពុធសប្តាហ៍​នេះ ក្នុងគោល​បំណងបង្កើន​ភាព​ជាដៃគូយុទ្ធសាស្រ្ត​រវាងប្រទេស​ទាំងពីរ ប៉ុន្តែបញ្ហា​វិវាទបន្តិចបន្តួច​ជាបន្តបន្ទាប់​ ដែលឥណ្ឌូណេស៊ី​មានជាមួយ​ក្រុមហ៊ុន​អាមេរិក បានបង្ក​ជាផលប៉ះពាល់​មួយចំនួនដល់ចំណង​ទាក់ទងនេះ៕