(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាសន្តិសុខ UN បានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំង ចំពោះការបាញ់​សាកល្បងមីស៊ីលផ្លោង មិនបានសម្រេចនាពេលថ្មីៗនេះ ហើយព្រមាន​ដាក់ទណ្ឌកម្មថ្មីប្រឆំាងទីក្រុងព្យុងយ៉ាង​ សម្រាប់ការប្រកាន់អាកប្បកិរិយាបង្ករឿង និងអស្ថេរភាពឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដី​ថ្លែងការណ៍អនុម័តឡើងជាឯកច្ឆ័ននៅថ្ងៃនេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ក្រុមប្រឹក្សាសន្តិសុខ UN បានស្នើសុំ ព្រមទំាងព្រមានកូរ៉េខាងជើង​កុំឱ្យបាញ់សាកល្បង​មីស៊ីល ឬអាវុធនុយក្លេអ៊ែរ​សាជាថ្មី ត្បិតសកម្មភាពទំាងនេះ​គឺផ្ទុយទំាងស្រុងនឹង​ដំណោះស្រាយ​ UN និងមានតែធ្វើ​ឱ្យស្ថានភាពនៅក្នុងតំបន់កាន់តែតាន​តឹង​តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត​បើទីក្រុងព្យុងយ៉ាង នៅតែរឹងទទឹង​ធ្វើសកម្មភាព​បង្ករឿង នោះក្រុមប្រឹក្សាសន្តិសុខ​នឹងចាត់វិធានការ​ដាក់ទណ្ឌកម្មថ្មីយ៉ាងតឹងរ៉ឹង​ជាទីបំផុត។

គួរបញ្ជាក់ថា នេះគឺជាលើកទី០៥​ហើយ​នៅក្នុងឆ្នាំ២០១៧នេះ ដែលក្រុមប្រឹក្សា​សន្តិសុខUN អនុម័ត លើសេចក្ដីថ្លែងការណ៍​ថ្កោលទោស​កូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាង នៅតែសាកល្បង​មីស៊ីលផ្លោង​ជាបន្តបន្ទាប់ ដោយមិនខ្វល់ឡើយចំពោះការគំរាមដាក់​ទណ្ឌកម្ម ពីសំណាក់​សហគមន៍​អន្តរជាតិ ហើយដែល​នេះអាច​មកពីកូរ៉េខាងជើង​យល់ថា ចិននៅចាំជួយ​ខ្លួនជានិច្ច បើទោះបីជា​ទីក្រុងប៉េកាំង លើកដៃជាមួយគេឯង​អនុម័តលើសេចក្ដីថ្លែងការណ៍​ថ្កោលទោស​នេះក៏ដោយ៕