(ការ៉ាកាស់)៖ បាតុកម្មទ្រង់ទ្រាយធំដ៏កក្រើកបន្តបន្ទាប់គ្នាឥតស្រាកស្រាន អស់រយៈពេលជាច្រើនសប្តាហ៍ សំដៅប្រឆាំងរដ្ឋាភិបាល​ប្រទេសវេណាស៊ុយអេឡា និង​ដើម្បី​​​ទាម​​ទារ​​ឲ្យ​​ប្រ​ធា​នា​ធិបតី​លោក Nicolas Maduro ចុះចេញពីតំណែងនោះ បាន​បណ្តាលឲ្យ​មនុស្ស​ស្លាប់​សរុប​កើន​ដល់​០៩នាក់ហើយ ព្រមទាំងបានបន្សល់​​ទុក​បាតុករជាង​​២២០នាក់ផ្សេងទៀត ទទួលរងរបួសយ៉ាងដំណំ។ នេះ​បើ​តាម​ការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិច​នារសៀល​ថ្ងៃ​សុក្រ​ ទី២១ ខែមេសា ឆ្នាំ២០១៧។

ជនរងគ្រោះដែល​បានបាត់បង់ជីវិត​ចំនួនបីនាក់​បន្ថែមទៀត នៅក្នុងការផ្ទុះ​បាតុកម្មទ្រង់ទ្រាយធំ​កាលពីថ្ងៃពុធ​សប្តាហ៍នេះ រួមមាននារី​​ម្នាក់​អាយុ​​២៣ឆ្នាំ ដែលត្រូវបាន​គេបាញ់ចំ​កណ្តាល​ក្បាល​នៅក្នុងរដ្ឋ Tachira ភាគ​ខាង​​លិច​ប្រទេស, យុវជនវ័យ​១៧ឆ្នាំដែលបាន​ស្លាប់​នៅ​ឯ​រដ្ឋ​ធានី​​ការ៉ាកាស់ ក្នុងអំឡុង​ការធ្វើបាតុកម្ម​ដែលខ្លួនមិនបាន​ចូលរួមផងដែរ, និង​សមាជិក​ឆ្មាំ​ការពារជាតិ​វេណេស៊ុយអេឡា ដែល​បាន​បាត់បង់​អាយុជីវិត ដោយសារការ​ផ្ទុះអាវុធនៅក្នុងរដ្ឋ Miranda ភាគខាងជើង​​ប្រ​ទេស។ ដោយឡែកមក​ទល់ថ្ងៃសុក្រនេះមនុស្ស​ប្រមាណ​ ៣១២នាក់ ក៏ត្រូវបាន​ចាប់ខ្លួន ដោយសារតែ​ការប្រើប្រាស់​អំពើហិង្សា​​។

ជុំវិញបញ្ហានេះ​ប្រធានាធិបតី​វេណេស៊ុយអេឡា​ លោក Nicolas Maduro បានថ្លែងឲ្យដឹងថា រូបលោកបានបញ្ជា​ឲ្យបើកការ​ស៊ើបអង្កេត​​ទៅ​លើក្រុមហ៊ុនទូរស័ព្ទចល័ត​ ដ៏ល្បីល្បាញមួយមានឈ្មោះថា Movistar ក្រោមការសង្ស័យថា បានផ្ញើសារញុះញង់ឲ្យប្រជាជននាំ​គ្នា​ធ្វើ​បាតុ​កម្ម​​ប្រឆាំង​នឹងរដ្ឋាភិបាលឆ្វេងនិយមរបស់លោក។

ស្របពេលដែលប្រទេសវេណេស៊ុយអេឡា បាននិងកំពុងបន្តឆ្លងកាត់ភាពវឹកវរជាបន្តបន្ទាប់គ្នាឥតឈប់ឈរនាពេលថ្មីៗនេះ ជាមួយការ​​​ធ្វើបាតុកម្មទ្រង់ទ្រាយដ៏ធំសម្បើមថ្មីមួយទៀតរបស់​គណបក្សប្រឆាំង នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេឡា បាន​ចោទ​ប្រកាន់ថា ក្រុមអ្នកតវ៉ាទាំងឡាយនៅ​តាម​ដង​ផ្លូវ​នានានោះ សុទ្ធតែជាភេរវករដែលកំពុងរៀបចំគម្រោងការអាក្រក់ ដើម្បី​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់ប្រធានាធិបតី។

ជាមួយគ្នានេះដែរ លោក Nicolas Maduro បាន​ថ្លែងសារដែលត្រូវបានផ្សាយផ្ទាល់តាមកញ្ចប់ទូរទស្សន៍ថា ​​ក្រុមហ៊ុនបណ្តាញ​ទូរ​គម​នា​គមន៍ Movistar បានទទួលសំណូកពីក្រុមបក្សប្រឆាំង ឲ្យធ្វើការចែកចាយព័ត៌មានអំពីការធ្វើបាតុកម្មនេះ។ លោកប្រធានាធិបតីបាន​លើក​ឡើង​​យ៉ាង​ដូច្នេះថា «ខ្ញុំសូមថ្កោលទោសចំពោះក្រុមហ៊ុន Movistar និងស្នើឲ្យមានការស៊ើប​អង្កេត​ជាបន្ទាន់ ដោយពួកគេបានចូល​រួម​​​​ញុះ​​ញង់​​ ឲ្យមានការធ្វើរដ្ឋប្រហារប្រឆាំង​នឹង​ប្រទេសជាតិ​របស់ខ្លូន»

គួរបញ្ជាក់ថា យោងតាមលោក Maduro ក្រុមហ៊ុនទួរស័ព្ទចល័ត Movistar បានផ្ញើសារ​រាប់លានទៅកាន់​អ្នកប្រើប្រាស់ នៃបណ្តាញទំនាក់​ទំនងរបស់ខ្លួន ដ៏មានប្រជាប្រិយ​បំផុតនៅក្នុង​ប្រទេស ដែលមានតម្លៃដល់​ទៅជាង​​១០០លានដុល្លារ​សហរដ្ឋអាមេរិក ខណៈក្រុមហ៊ុន​ដ៏​ល្បីនេះ មិនបានផ្តល់ការឆ្លើយតបភ្លាមៗចំពោះសំណើសុំធ្វើការអធិប្បាយនៅឡើយទេ៕