(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិ​ការណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីស៊ីរីចេញមុខបកស្រាយអំពីមូលហេតុ ដែលប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសលោក មិនបានបាញ់ទម្លាក់មីស៊ីល Tomahawk ចំនួន៥៩គ្រាប់របស់សហរដ្ឋអាមេរិកកាលពីអំឡុងដើមខែមេសានេះ។

២៖ Google អបអរ «ទិវានៃភពផែនដី» ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនាថ្ងៃទី២២ ខែមេសា និងបំផុសមនុស្សទូទាំងពិភពលោកឲ្យ​នាំគ្នា​ស្រឡាញ់បរិស្ថានខ្លាំងជាងមុន។

៣៖ ទីបំផុតកម្មករអណ្តូងរ៉ែចំនួន០៦នាក់ នាថ្ងៃសៅរ៍នេះ ត្រូវបានជួយសង្រ្គោះនិងបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីបានជាប់​ខ្លួនអស់រយៈពេលបីថ្ងៃ នៅក្នុងអណ្តូងរ៉ែធ្យូងថ្មដែលពួកគេធ្វើការ ស្ថិតក្នុងទីក្រុង Yulin ខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន។

៤៖ លោក ដូណាល់ ត្រាំ ផ្ញើលិខិតអញ្ជើញនាយករដ្ឋមន្រ្តីវៀតណាម ឲ្យទៅបំពេញដំណើរទស្សនកិច្ច នៅអាមេ​រិក។

៥៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ច្រានចោលសេចក្តីរាយការណ៍ព័ត៌មាន​នាពេលថ្មីៗ​នេះ ដែលថាមានមនុស្ស​ដល់​ទៅ​ជិត​១០,០០០នាក់ បានបាត់បង់ជីវិត​ក្រៅប្រព័ន្ធតុលាការ នៅក្នុងអំឡុងការធ្វើយុទ្ធនាការ​បង្រ្កាបគ្រឿងញៀន​ដ៏បង្ហូរឈាម ដែលដឹកនាំ​ដោយ​​រូប​លោក​​ផ្ទាល់​។

៦៖ កងទ័ពអាហ្វហ្គានីស្ថាន​យ៉ាងតិចចំនួន១៤០នាក់ បានបាត់បង់ជីវិត​នាពេលថ្មីៗនេះ ដោយសារក្រុម​ឧទ្ទាមតាលីបង់ ដែលត្រូវគេអះ​​អាង​ថា​ បាន​បន្លំខ្លួន​ក្នុងសម្លៀបបំពាក់​ជានាយទាហាន និងបានបើកការវាយប្រហារ​យ៉ាងចាស់ដៃ ទៅលើមូលដ្ឋានយោធា​មួយកន្លែង នៅ​ក្នុងប្រទេសនៃ​តំបន់អាស៊ី​ខាងត្បូងមួយនេះ។

៧៖ អនុប្រធានាធិបតីអាមេរិកលោក Mike Pence អះអាងថា ទីបំផុតនាវាផ្ទុកយន្តហោះចម្បាំង-នុយក្លេអ៊ែរ នឹងទៅដល់សមុទ្រជប៉ុន ជាប់ឧបទ្វីបកូរ៉េ នៅចុងខែមេសានេះហើយ៕