(សេអ៊ូល)​៖ ពលរដ្ឋអាមេរិកទី០៣ម្នាក់ ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមេសា។ ក៏ប៉ុន្តែមូលហេតុនៃការចាប់ខ្លួននេះ មិនទាន់ត្រូវបានទម្លាយ ឱ្យដឹងនៅឡើយទេ។ នេះបើតាមប្រភពដែលទីភ្នាក់សារព័ត៌មានយ៉ុនហាប់ ទទួលបាន ចុះផ្សាយនៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។

ប្រភពដដែលបានបញ្ជាក់ទៀតថា បុរសខាងលើ គឺជាពលរដ្ឋអាមេរិកដើមកំណើតកូរ៉េ មាននាមត្រកូលគីម ដែលធ្វើការងារជាគ្រូបង្រៀននៅឯសកលវិទ្យាល័យ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ Yanbian ក្នុងប្រទេសចិន ព្រមទំាងជាអ្នកដឹកនាំសកម្មភាពជំនួយមនុស្សធម៌សម្រាប់កូរ៉េខាងជើង។ លោក គីម ជាពលរដ្ឋអាមេរិក ទី០៣ហើយ ត្រូវបានចាប់ឃុំខ្លួននៅកូរ៉េខាងជើង បន្ទាប់ពីលោក Kim Dong-chul និងនិស្សិតអាមេរិកម្នាក់ទៀតឈ្មោះ Otto Warmbier ដែលត្រូវបានកាត់ ទោស និងឃុំខ្លួនពីបទចោទប្រកាន់ថាបានធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលលោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា បុរសត្រកូលគីម ត្រូវបានអាជ្ញាធរកូរ៉េខាងជើង ចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងព្យុងយ៉ាង នៅអំឡុងពេលត្រៀមចាកចេញពីប្រទេស កុម្មុយនីស្ដមួយនេះ រីឯក្រុមអ្នកជំនាញលើសំណុំរឿង កូរ៉េខាងជើងមួយចំនួនយល់ថាទីក្រុងព្យុងយ៉ាង អាចនឹងប្រើការចាប់ខ្លួននេះ ដើម្បីចរចាជាមួយ សហរដ្ឋអាមេរិក៕