(ប៉េកាំង)៖ ប្រទេសចិនបាន​ប្រកាសថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការបញ្ចេញនាវាដឹកយន្តហោះ​ចម្បាំងដែលផលិតនៅក្នុងស្រុកដំបូងបំផុត ដើម្បីរំលឹកខួបទី៦៨ឆ្នាំ នៃការបង្កើតកងទ័ពជើងទឹក​ប្រជាជនចិន PLA។ នេះបើតាមការដកស្រង់ពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។

នាវាដឹកយន្តហោះ​ចម្បាំងខាងលើនេះ ត្រូវបានគេឲ្យ​ឈ្មោះថា Type 001A ត្រូវបានគេបញ្ជូន​ចេញពី​កន្លែងសាងសង់​នាវារួចធ្វើការតុបតែង និងរៀបចំរួចជាស្រេច​ដើម្បីធ្វើការដាក់​សម្ពោធ ប៉ុន្តែថ្ងៃ​សម្ពោធជាផ្លូវការ​នោះនៅមិនទាន់មានការបញ្ជាក់នោះឡើយ គ្រាន់តែគេដឹងថា អាចនឹងកើតឡើង​នាវាពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា នាវាខាងលើនេះ​ត្រូវបានដាក់សំចត​នៅក្នុងកំពង់ផែ​ទីក្រុង Dalian នៃខេត្ត Liaoning ខណៈ​ដែលរូបភាព​កាលពីពេលថ្មីៗ​នេះបានបង្ហាញថា កងទ័ពជើងទឹក​មួយចំនួន​កំពុងធ្វើការហាត់សម ដើម្បីចូលរួមពិធីបើក​សម្ពោធនាវា​ខាងលើនេះ។

នាវាដឹកយន្តហោះ​ចម្បាំងថ្មី​របស់ចិន អាចដាក់ទម្ងន់​បាន ៧០,០០០តោន, មានប្រវែង ៣១៥ម៉ែត្រ និងទទឹង ៧៥ម៉ែត្រ ហើយនឹងមាន​ល្បឿន ៣១ knotes។ វាធំជាងនាវា​ដឹកយន្តហោះ​ចម្បាំង Liaoning ដែលមានស្រាប់​របស់ចិនបន្តិច ដែលជារបស់​អតីតសហភាព​សូវៀត ត្រូវបានចិនទិញ​ពីអ៊ុយក្រែន​មកធ្វើ​ការជួសជុល​បន្ថែមកាល​ពីឆ្នាំ១៩៩៨៕