(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃចន្ទនេះថា នាវាដឹកយន្តហោះចម្បាំង​អាមេរិក USS Carl Vinson នឹងមកចូលរួមធ្វើសមយុទ្ធយោធាជាមួយនឹងនាវាចម្បាំងរបស់កូរ៉េខាងត្បូង​នៅក្បែរឧបទ្វីបកូរ៉េ ដើម្បីត្រៀមទប់ទល់នឹងការបង្កហេតុដោយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ​ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក Moon Sang-gyun បានបញ្ជាក់​យ៉ាងដូច្នេះថា «ការប្រឹក្សាគ្នា​នៅតែបន្តធ្វើឡើង​នៅឡើយរវាងភាគី​ទាំងពីរ នៅក្នុងចូលរួម​ធ្វើសមយុទ្ធ​នោះ»។ សមយុទ្ធ​នេះត្រូវប្រកាសថា​ នឹងរៀបចំឡើង​ក្រោយពីនាវាដឹក​យន្តហោះចម្បាំង USS Carl Vinson របស់អាមេរិក​បាន និងកំពុងធ្វើ​សមយុទ្ធជាមួយនាវា​ចម្បាំងជប៉ុន ដែលស្ថិតនៅក្នុង​គោលដៅដូចគ្នា។

គួរបញ្ជាក់ថា សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង​គ្រាន់តែបានដឹងថា នាវាដឹក​យន្តហោះ​ចម្បាំងអាមេរិក​​កំពុងឆ្ពោះ​មកកាន់​តំបន់ក្បែរ​ឧបទ្វីបកូរ៉េនោះ ខ្លួនក៏បានចេញ​សេចក្តីព្រមាន​ភ្លាមៗថា នឹងបាញ់ពន្លិច​នាវាដឹក​យន្តហោះចម្បាំងនោះ បើសិនជាវា​មានការគំរាមកំហែងណាមួយមកលើ​កូរ៉េខាងជើង។ ស្ថានការណ៍នៅ​ឧបទ្វីបកូរ៉េ​បន្តស្ថិតនៅក្នុង​ភាពផុយស្រួយ​ដដែល ខណៈដែល​នៅថ្ងៃអង្គារ​ស្អែកនេះ កូរ៉េខាងជើង​នឹង​រៀបចំខួប​ទី៨៥ឆ្នាំ នៃការបង្កើតកងទ័ព​កូរ៉េខាងជើង ដែលនឹងអាចមាន​ព្រឹត្តិការណ៍ក្តៅៗ​កើតឡើង៕