(ញូយ៉ក)៖ ពិធីការិនីស្ថានីយ៍​ទូរទស្សន៍ CNN លោកស្រី Alisyn Camerota បានបង្ហើបឲ្យដឹងថា​ កាលពីពេល​នៅបម្រើការងារ​ឲ្យ​​សារ​ព័ត៌​មាន Fox News រូបលោកស្រីធ្លាប់បាន​ទទួល​រង​ការ​បៀត​បៀន​កេរ្តិ៍ខ្មាសដោយលោក Roger Ailes ដែលជាអតីតនាយកប្រតិបត្តិ (CEO) នៃបណ្តាញ​សារព័ត៌មានដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ​។ នេះបើតាមការចេញផ្សាយ​ដោយសារទីភ្នាក់ងារ​ព័ត៌មាន Reuters នៅមុននេះបន្តិច​នាព្រឹក​ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។

ដូចទៅនឹង​អតីតមិត្តរួមការងារ​ដទៃៗទៀត​នៅឯ Fox News ដែលបាន​ចោទប្រកាន់អតីត​ចៅហ្វាយរបស់ពួកគេ អំពីការប្រព្រឹត្តទង្វើមិនសមរម្យ​​នេះដែរនោះ លោកស្រី Alisyn Camerota សព្វថ្ងៃ​ជាពីធីការិនី​មួយរូបរបស់​ស្ថានីយ៍ទូរទស្សន៍ CNN បានលើកឡើង​នៅក្នុងកិច្ចសម្ភាសន៍​​មួយ​ថា លោក Roger Ailes បានស្នើថា​ពួកគេទាំងពីរ​ប្រហែលជា ត្រូវព្យាយាម​ស្វែងយល់ចិត្ត​ថ្លើមគ្នា​ឲ្យកាន់តែប្រសើរ​ថែមទៀត នៅឯសណ្ឋាគារ​បើ​សិន​ជា​លោកស្រីចង់​ទទួលបានភាព​ជោគជ័យនា​ថ្ងៃអនាគត នៅក្នុងបណ្តាញ​សារព័ត៌មាន Fox News។

លើសពីនេះទៀត​លោកស្រី Camerota ដែលបាន​ចំណាយពេល១៦ឆ្នាំ​ធ្វើការនៅក្នុង Fox News បានឲ្យដឹងបន្ថែមថា​ លោក Ailes ជារឿយ​ៗ​តែងតែបាន​ប្រើប្រាស់​ពាក្យមិនសមរម្យ​ចំពោះបុគ្គលិកស្រី​ អំពីផ្នែកនៃរាងកាយ​របស់ពួកគេ។ យ៉ាងណាមិញ​មេធាវីរបស់​លោក Roger Ailes បានចេញមុខ​ច្រានចោលការចោទ​ប្រកាន់ទាំង​អស់នេះ ដោយអះអាងថា​ ជារឿងប្រឌិត​សុទ្ធសាធ។

គួរបញ្ជាក់ថា ការចោទប្រកាន់​ដ៏ថ្មីសន្លាងខាងលើ​នេះបានផ្ទុះឡើង តែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ដែលពិធីករជើងចាស់​ដ៏ល្បីមួយរូបរបស់ Fox News គឺលោក Bill O'Reilly ត្រូវបានបញ្ឈប់​ពីការងារ បន្ទាប់ពីបណ្តាញសារព័ត៌មាន​នេះបានបង់ប្រាក់សង​ជំងឺចិត្តចំនួន​​១៣​លាន​ដុល្លារ​​ទៅ​ឲ្យ​ស្រ្តី​ប្រាំ​រូប ដើម្បបញ្ចប់​សំណុំរឿងបៀតបៀន​កេរ្តិ៍ខ្មាសមួយផ្សេងទៀត​ប្រឆាំងនឹងរូបលោក៕

លោក Roger Ailes ដែលជាអតីតនាយកប្រតិបត្តិ CEO Fox News

លោកស្រី Alisyn Camerota