(ប៉ារីស)៖ បេក្ខជនប្រធានាធិបតី​បារាំង លោក Emanuel Macron បានឈ្នះការបោះឆ្នោតជុំទី១ តាមពីក្រោយដោយលោកស្រី Marine Le Pen ក្រោយពីបញ្ចប់ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដើម្បីឈានបន្តទៅរកការបោះឆ្នោតជុំទី០២ នៅថ្ងៃទី០៧ ខែឧសភា។ នេះបើតាមទិន្នន័យបឋមរបស់ក្រសួងមហាផ្ទៃបារាំង ដកស្រង់ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។

យោងតាមទិន្នន័យដដែល លោក Emanuel Macron បាននាំមុខក្នុងការបោះឆ្នោតជុំទី០១ ដោយទទួលបាន​សំឡេងគាំទ្រ ២៣.៧៥ភាគរយទល់នឹង ២១.៥៣ភាគរយ​របស់​លោកស្រី Marine Le Pen ខណៈលោក Francois Fillon ទទួលបានការគាំទ្រ ១៩.៩១ភាគរយ និងលោក Jean-Luc Melenchon ១៩.៦៤ភាគរយ។​

គួរបញ្ជាក់ថា បើតាមការ​ស្ទង់មតិនៅក្រោយ​លទ្ធផលបោះឆ្នោត​ជុំទី០១ លោក Macron ​អាចនឹងផ្ដួល​លោកស្រី Le Pen នៅក្នុងការបោះឆ្នោតជុំទី០២​ ជាមួយនឹងសំឡេងគំាទ្រ ៦២ភាគរយ​ទល់នឹង ៣៨ភាគរយ ឬ ៦៤ភាគរយទល់នឹង ៣៦ភាគរយ។ Macron គឺជាអ្នកនយោបាយសុទិដ្ឋិនិយម និងបើក ចំហ ចំណែកឯលោកស្រី Le Pen ជាអ្នកនយោបាយស្ដាំនិយមជ្រុល ដែលមានបំណង បិទទ្វារព្រំដែនលែងទទួលយកជនភៀសខ្លួន, ឱ្យបារាំងចាកចេញ ពីសហភាពអឺរ៉ុប (Frexit) និងឈប់ចាយលុយអឺរ៉ូ មកចាយលុយហ្រ្វង់វិញ៕