(​កាប៊ូល)៖ រដ្ឋមន្ត្រីការពារជាតិ​សហអាមេរិក លោក Jim Mattis បានធ្វើដំណើរទៅដល់​ប្រទេសអាហ្វហ្គានីស្ថាន ជាបន្ទាន់នៅថ្ងៃចន្ទនេះដោយគ្មានការប្រកាសឲ្យ ដឹងនោះឡើយ ហើយការទៅកាន់ទីក្រុងកាប៊ូលនេះ ដើម្បីសម្លឹងមើលយុទ្ធសាស្ត្រថ្មី ដើម្បីជួយដល់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ក្នុងការប្រយទ្ធប្រឆាំងនឹងក្រុមឧទ្ទាម តាលីបង់ ខណៈលោករដ្ឋមន្ត្រីការពារជាតិអាហ្គានីស្ថាន បានសុំលាលែងពីមុខតំណែង ដោយសារតែការធ្វេសប្រហែសនឹងការងារ។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។  

បើតាមគំរោង លោក Mattis នឹងត្រូវ​ជួបពិភាក្សា​ការងារជាមួយក្រុមមន្ត្រី​អាហ្វហ្គានីស្ថាន និងកងទ័ព​អាមេរិក នៅក្នុងទីក្រុង​កាប៊ូល។ ក៏ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោក​នៅពេលនេះ ធ្វើឡើងនៅ​ចំពេលរដ្ឋមន្ត្រីការពារជាតិ​អាហ្វហ្គានីស្ថាន បានសុំលាលែងចេញពី​មុខតំណែង បន្ទាប់ពីកងទ័ព​អាហ្វហ្គានីស្ថានច្រើនជាង ១៤០នាក់ ត្រូវបានសម្លាប់​នៅក្នុងការ​វាយប្រហារដ៏​អាក្រក់មួយពីសំណាក់ក្រុមតាលីបង់ កាលពីសប្ដាហ៍មុន។ ជុំវិញបញ្ហានេះដែរ​អ្នកនាំពាក្យ​ប្រធានាធិបតី​លោក Ashraf Ghani បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋមន្ត្រីការពារជាតិ លោក Abdullah Habibi និងប្រធានសេនាធិការ​យោធាកង​ទ័ព Qadam Shah Shahim បានសុំលាលែង​ពីតំណែង រីឯលោក​ប្រធានាធិបតី ក៏បានទទួលយក​លិខិតលាលែងនេះ​ហើយដែរ»

គួរបញ្ជាក់ឡើងវិញថា កាលពីថ្ងៃសៅរ៍​សប្ដាហ៍មុន ក្រុមឧទ្ទាម​តាលីបង់ បានធ្វើការបន្លំខ្លួន​ជាកងកម្លាំង​ទ័ព​អាហ្វហ្គានីស្ថាន ចូលទៅវាយលុកក្នុងមូលដ្ឋាន​យោធា Mazar-i-Sharif នៃខេត្ត Balkh ស្ថិតនៅភាគខាងជើង​ប្រទេស​អាហ្វហ្គានីស្ថានតែម្តង ដោយសម្លាប់​យោធាច្រើន​ជាង ១៤០នាក់ ហើយដែលនេះ​បានបង្ហាញពីភាព​ទន់ខ្សោយ នៃសមត្ថភាព​របស់កងទ័ពអាហ្វហា្គនីស្ថាន ប្រឈមមុខនឹង​ក្រុមតាលីបង់ដែលមានយុទ្ធសាស្ត្រខ្ពស់៕