(កាប៊ុល)៖ ជនសកម្មប្រយុទ្ធមួយក្រុម ដែលគេជឿជាក់ថាជាសមាជិកក្រុមឧទ្ទាមតាលីបង់ នៅថ្ងៃចន្ទនេះ បានបើកការ​វាយប្រហារលើមូលដ្ឋានទ័ព អាមេរិកមួយកន្លែង ស្ថិតនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ក្នុងថ្ងៃតែមួយដែល​រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis កំពុងបំពេញ ទស្សនកិច្ចក្នុងទីក្រុងប៊ុល។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters  នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។

យោងតាមក្រុមអាជ្ញាធរនៅក្នុងតំបន់ ជនសកម្មប្រយុទ្ធទាំងនេះ បានវាយប្រហារដោយការបំផ្ទុះ រថយន្ដមួយគ្រឿង នៅឯច្រកចូលនៃមូលដ្ឋានទ័ព អាមេរិក Camp Chapman ស្ថិតក្នុងខេត្ត Khost។ ចំណែកឯ អ្នកនាំពាក្យកងទ័ពអាមេរិក ប្រចំាអាហ្វហ្គានីស្ថាន លោក William Salvin ក៏បានទទួល ស្គាល់ផងដែរថាពិតជាមានការវាយប្រហារបំផ្ទុះរថយន្ដ និងបណ្ដាលឱ្យមានជនរងគ្រោះស៊ីវិលជាច្រើននាក់ ក៏ប៉ុន្ដែមិនមានកងទ័ពអាមេរិក ឬក៏ក្រុមចំរុះ អន្តរជាតិនោះទេ ហើយភ្លាមក៏ពុំទាន់មានព័ត៌មានលម្អិតបន្ថែមអ្វីដែរ។​

គួរបញ្ជាក់ថា ការវាយប្រហារនេះ បានកើតឡើងតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងទ័ពអាហ្វហ្គានីស្ថានជាង១៤០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់ក្រុមឧទ្ទាមតាលីបង់ នៅឯមូលដ្ឋានយោធាក្នុងទីក្រុង Mazar-i-Sharif ភាគខាងជើងនៃប្រទេស។ ម្យ៉ាងវិញទៀត ដោយសារតែ សោកនាដកម្មនេះ ដែរ រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន លោក Abdullah Habibi និងប្រធានសេនាធិការយោធាកងទ័ព លោក Qadam Shah Shahim បានសម្រេច ចិត្តសុំលាលែងចេញពីមុខតំណែង៕