(​សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានប្រារព្ធទិវារំលឹកខួបលើកទី៨៥ នៃថ្ងៃបង្កើតកងទ័ពរបស់ខ្លួន នៅក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត ពីសំណាក់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ប៉ុន្តែជាមួយគ្នានោះដែរទីក្រុងព្យុងយ៉ាង នៅតែព្រមានធ្វើសង្រ្គាម​ជាមួយសហរដ្ឋអាមេរិក ហើយថា​ ទីក្រុងវ៉ាស៊ីនតោនមានជំរើស២ នោះគឺចុះចាញ់តាមផ្លូវនយោបាយ ឬចុះចាញ់ដោយកម្លាំងយោធា។ នេះបើតាម​ការ​ចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។

ការព្រមាន​ជាថ្មីរបស់កូរ៉េខាងជើង ធ្វើឡើងនៅចំពេល​ដែលនាវាចម្បាំង​អាមេរិក USS Carl Vinson កំពុងធ្វើដំណើរ​មកកាន់តំបន់ដែនទឹក​ឧបទ្វីបកូរ៉េ ដើម្បី​តាមឃ្លាំមើល​សកម្មភាព ក៏ដូចជា​ចាត់វិធានការ​ទប់ស្កាត់ ការគំរាមកំហែង​ណាមួយពីទីក្រុង​ព្យុងយ៉ាង ដែលទើបតែ​ព្រមានបាញ់​ពន្លិច  Carl Vinson បើសិន​ជាហ៊ានចូលមកក្នុងដែនទឹក​តំបន់​ឧបទ្វីបកូរ៉េ។

ជុំវិញភាពតាន​តឹងនេះដែរ​សារព័ត៌មាន​កូរ៉េខាងជើង Rodong Sinmun បានព្រមាននៅថ្ងៃនេះថា «បើសិនជាសហរដ្ឋអាមេរិក និងអ្នកហែរហម ចង់ធ្វើការផ្សងព្រេង​វាយប្រហារលើ​កូរ៉េខាងជើង នោះយើងនឹងធ្វើការឆ្លើយតបវិញដោយ ការវាយប្រហារគ្មាន​ត្រាប្រណី និងមិនប្រាប់ដំណឹង​ជាមុន​ទាំងតាមផ្លូវអាកាស ផ្លូវទឹកនឹងផ្លូវគោក តាមដែលទីក្រុង​វ៉ាស៊ីនតោន​ចង់បាន»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានពិភាក្សា​គ្នាតាមទូរស័ព្ទ ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន ហ្សូអាបេ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងគោលបំណង​ស្វែងរកកិច្ចសហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់​កម្មវិធីនុយក្លេអ៊ែររបស់​កូរ៉េខាងជើង ដែលត្រូវគេរំពឹងថា​ អាចនឹង​សាកល្បងអាវុធនុយក្លេអ៊ែរ​ជាលើកទី០៦ ឬក៏មីស៊ីលផោ្លង​ឆ្លងទ្វីប ICBM នៅថ្ងៃប្រារព្ធខួបនេះ៕