(ស្វីស)៖ អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក FIFA បានកំពុងតែញាំញីទៅដោយកង្វះដៃគូឧបត្ថម្ភក្នុង ព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ី ខណៈក្រុមហ៊ុនធំៗដែលស្ថិតក្នុងប្រទេសមហាអំណាចមួយនេះ ប្រកាសមិនចាប់អារម្មណ៍។

តាមរយៈសារព័ត៌មាន Dailymail របស់អង់គ្លេសបានចេញផ្សាយនៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧ នេះថា គិតមកទល់នឹងពេលនេះ FIFA ទើបតែរកបានដៃគូឧបត្ថម្ភចំនួន ១១នៅឡើយ ក្នុងចំណោម Sponsor ដែលមានរហូត ដល់ទៅ៣៤ស្តង់ដានាពេលកន្លងមក ដើម្បីរៀបចំ World Cup ឆ្នាំក្រោយ ដែលកំពុងធ្វើឲ្យប្រធាន FIFA ថ្មីលោក Gianni Infantino ឈឺក្បាលយ៉ាងខ្លាំង ដែលធ្លាប់សន្យាគៀងគរដៃគូឧបត្ថម្ភឲ្យបានច្រើន និងប្រកបដោយទំនុកចិត្ត ឡើងវិញ។

គិតមកទល់នឹងពេលនេះ មានរយៈពេលជាង ១ឆ្នាំហើយដែលបុរសជនជាតិស្វីស អាចនិយាយបានដល់ ៥ភាសាយ៉ាង ស្ទាត់ជំនាញ Gianni Infantino ឡើងគ្រប់គ្រង FIFA ជំនួសកៅអីលោក Sepp Blatter ដែលបានដឹកនាំពោរពេញ ដោយអំពើពុករលួយនោះ បានធ្វើឲ្យស្ថាប័នកំពូលមួយនេះខាតរហូតដល់ទៅ ៣៦៩លានដុល្លារសហអាមេរិក សម្រាប់ឆ្នាំ២០១៦ និងតាមការព្យាករណ៍ FIFA នឹងបន្តខាតច្រើនជាងនេះទៀតក្នុងឆ្នាំ២០១៧នេះ ដែលជាកត្តាជះ ឥទ្ធិពលមិនល្អ ទៅដល់ World Cup 2018 នៅរុស្ស៊ី។

ទន្ទឹមគ្នានោះ ដៃគូឧបត្ថម្ភធំមានដូចជា Castrol និង Continental Tyres របស់ FIFA ក៏បានប្រកាសមិនចូលរួមសម្រាប់ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងនៅរុស្ស៊ីផងដែរ ស្របទៅនឹងក្រុមហ៊ុនធំៗមួយចំនួនផ្សេងទៀតរបស់រុស្ស៊ី ក៏បានបដិសេធដូចគ្នា បើទោះបីជាយុទ្ធនាការនេះប្រារព្ធធ្វើឡើងក្នុងប្រទេសរបស់គេក៏ដោយ។

សូមរំលឹកផងដែរថា តាមរយៈគេហទំព័ររបស់ខ្លួន FIFA ត្រៀមចំណាយទឹកប្រាក់ជាង ៧០០លានដុល្លារ សម្រាប់ចែក ជូនទាំង ៣២ក្រុមជម្រើសជាតិដែលឡើងមកលេងក្នុង World Cup 2018 នៅរុស្ស៊ីឆ្នាំក្រោយ កើនឡើងខ្លាំង បើប្រៀប ធៀបទៅនឹង World Cup 2014 នៅប្រទេសប្រេស៊ីល មានតែ ៥៦៩លានដុល្លារតែប៉ុណ្ណោះ៕