(វ៉ាស៊ីនតោន)៖ នៅថ្ងៃនេះអតីតប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចូលរួមវេទិកា​សាធារណៈជាលើកដំបូង បន្ទាប់​ពី​​ផុត​​អាណត្តិជាមេដឹកនាំនៃ​ប្រទេសមហាអំណាច​ពិភពលោកមួយនេះ ក៏ប៉ុន្តែនាឱកាសនោះ​លោកពុំបានធ្វើអត្ថាធិប្បាយ​អ្វី ពាក់ព័ន្ធនឹងលោក ដូណាល់ ត្រាំ នោះឡើយ។ នេះបើតាមការចេញផ្សាយ​ដោយ​សារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅ​មុន​នេះ​បន្តិច​នារសៀលថ្ងៃ​អង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងវេទិកា​នៅឯសាកលវិទ្យាល័យ Chicago លោក អូបាម៉ា បានថ្លែងប្រាប់​ទៅកាន់ទស្សនិកជន​នៅទីនោះថា រូបលោកគ្រោង​នឹងផ្តោត​សំខាន់ទៅ​លើការជំរុញលើកទឹក​ចិត្តយុវជន និងយុវតីជំនាន់ក្រោយ ឲ្យចូលរួម​ក្នុងវិស័យនយោបាយ​នៅក្នុងទីក្រុង Chicago ជាកន្លែង​​ដែលលោកអតីត​ប្រធានាធិបតី​អាមេរិកបានចាប់ផ្តើម​អាជីព​នយោបាយ​របស់លោក។ នាឱកាស​នោះលោក បារ៉ាក់ អូបាម៉ា បានចំណាយ​​ពេលវេលា​ភាគច្រើន ធ្វើការសន្ទនា​ជាមួយពួកគេ អំពីភាពជាអ្នកដឹកនាំ​ និងប្រព័ន្ធបណ្តាញ​ទំនាក់ទំនង​សង្គម តែលោកមិន​បានលើក​ឡើង​ពាក់ព័ន្ធនឹងលោក ដូណាល់ ត្រាំ ជាមេដឹកនាំ​អាមេរិក​បច្ចុប្បន្ន ដែលកំពុងកាន់​តួនាទីជិតបាន​១០០ថ្ងៃនោះឡើយ។

គួរបញ្ជាក់ថា លោក បារ៉ាក់ អូបាម៉ា គឺជាអតីត​ប្រធានាធិបតីទី​៤៤នៃសហរដ្ឋអាមេរិក និងបានបញ្ចប់​អាណត្តិទីពីរ​របស់ខ្លួន កាលពីថ្ងៃទី២១ ខែមករាកន្លង​ទៅនេះ ហើយបន្ទាប់ពី​រួចផុតនៃការងារ​ដឹកនាំប្រទេស រូបលោក​បានចំណាយពេល​វេលាប្រមាណ​ជាបីខែ ក្នុង​វិស្សម​កាល​​លំ​ហែ​កាយជា​មួយ​ក្រុម​គ្រួសារ មុន​នឹង​ត្រឡប់មក​ធ្វើការបង្ហាញខ្លួនជា​សាធារណៈ សាជាថ្មីម្តងទៀត​នាសប្តាហ៍​នេះ៕