(តូក្យូ)៖ រដ្ឋាភិបាលទីក្រុងតូក្យូ​បានសេចក្តីព្រមាន ដល់ប្រជាពលរដ្ឋក្នុងប្រទេសខ្លួនថា នៅក្នុងករណី​នៃការវាយប្រហារ​ដោយ​​អាវុធ​នុយ​ក្លេអ៊ែរ​ពីសំណាក់កូរ៉េខាងជើង ពួកគេប្រហែលជា​មានពេលវេលាត្រឹមតែពី ៤នាទីទៅ១០នាទីប៉ុណ្ណោះ ដើម្បីរត់ភៀសខ្លួនទៅរក​ទីសុវត្ថិភាព។ នេះបើ​តាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។

ប្រទេសជប៉ុន​បានទទួលស្គាល់​ថា​ ប្រព័ន្ធប្រកាស​អាសន្នរបស់​ពួកគេ ទំនងជាមាន​សមត្ថភាពក្នុងការ​ចាប់សញ្ញា​នៃការបាញ់មីស៊ីល មិន​លើស​ពី​១០នាទីជាមុននោះ​ឡើយ ហើយអាចនឹង​មិនរហ័សដូចនេះ​ក៏ថាបានដែរ។ យោងតាម​លោក Hirofumi Yoshimura អភិបាលក្រុង​អូសាកា ជា​ទីក្រុង​ដ៏​ធំ​ទី​ពី​រ​របស់​ជប៉ុន​ គ្រាប់មីស៊ីល​ប្រហែលជាពុំអាចត្រូវចាប់​សញ្ញា​បានភ្លាមៗ នៅពេលដែលវា​ត្រូវបានបាញ់ចេញ​នោះឡើយ ដោយវាអាច​​​ទាមទារពេល​ប៉ុន្មាននាទី។ ប្រការហេតុនេះ ប្រព័ន្ធប្រកាស​អាសន្ន​ និងជូនដំណឹង​អាចមាន​ពេលតែ​ ០៤ឬ០៥នាទីប៉ុណ្ណោះ នៅមុនពេល​មីស៊ីល​មក​ដល់។

ការក្រើនរំលឹក​គួរឲ្យភ័យខ្លាចនេះ​ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ​រវាងមន្រ្តីកំពូលៗ ទទួលបន្ទុក​គ្រោះមហន្តរាយ​ និងវិបត្តិ​​នៃ​ប្រទេស​​ជប៉ុន​​​នៅ​ឯ​​ទីក្រុង​តូក្យូ។ ជុំវិញបញ្ហានេះ​រដ្ឋាភិបាល​ក៏បានណែនាំ​អាជ្ញាធរឲ្យ បង្កើនការ​យល់ដឹង​ និងការត្រៀមរៀបចំ​លក្ខណៈ​របស់ប្រជាជន​រស់នៅ​តាមតំបន់​របស់ពួកគេ​រៀងៗខ្លួន​ផងដែរ។

គួរបញ្ជាក់ថា ការបាញ់សាកល្បង​មីស៊ីលរបស់​កូរ៉េខាងជើង​ ភាគច្រើន​បានធ្លាក់ទៅក្នុងដែនសមុទ្រជប៉ុន ហើយកាលពី​ខែសីហា ឆ្នាំ២០១៦ មីស៊ីលកូរ៉េខាងជើង​មួយគ្រាប់បានធ្លាក់ទៅ​ក្នុងផ្ទៃសមុទ្រ ដែលស្ថិតនៅចម្ងាយ​ប្រមាណតែ ២៥០គីឡូម៉ែត្រពីទីក្រុង Oga នៃខេត្ត Akita របស់​ប្រទេសជប៉ុន៕