(បរទេស)៖ ភពដែលមានលក្ខណៈដូចទៅនឹងផែនដីត្រូវបាន​ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញបន្ថែម​មួយទៀត​ហើយ ដោយវានឹងអាចមានជីវិតរស់នៅទីនោះផងដែរ មានឈ្មោះថាភព LHS 1140b។

យោងតាមគេហទំព័រ Independent បានរាយការណ៍ថា ភពយក្សថ្មីនេះ មានទំហំធំ​ជាងភពផែនដី​របស់យើងដល់​ទៅ ៧ដង នឹងអាចមានបរិយាកាសក្រាស់ ដែលបានធ្វើអោយក្រុមអ្នក​ស្រាវជ្រាវជឿជាក់ថា LHS 1140b អាចជាភពបង្កើតឡើងដោយថ្មដែលមានជាតិដែកក្រាស់នៅស្នូលកណ្តាល។

ជាមួយគ្នានេះដែរភពដែលមានលក្ខណៈធំសម្បើម​ដូចទៅនឹងផែនដី​នេះ​ មានរយៈចំងាយ​៤០ឆ្នាំពន្លឺពី​ផែនដី ដោយវាស្ថិត​នៅក្នុងកញ្ចុំ​ផ្កាយ Cetus ហើយត្រូវបាន​ក្រុមអ្នកវិទ្យាសាស្រ្ត​ដឹងថា ជាកន្លែងដ៏ល្អ សំរាប់ស្វែង​រកជីវិតនៅក្រៅ​ប្រព័ន្ធព្រះអាទិត្យ។

ជាក់ស្តែង​កែវយឺតមួយចំនួន​នៅលើពិភពលោក រួមបញ្ចូល​ទាំងកែវយឺត HARPS នៅទីក្រុង La Silla គ្រប់គ្រង​ដោយមន្ទីរអង្កេតការ​អឺរ៉ុបភាគខាងត្បូង (ESO) បានរកឃើញ​ភពថ្មីនេះ ដែលវិលជុំវិញ​តំបន់មានជីវិតរស់​នៅ​របស់ក្រុមផ្កាយដាច់ស្រយ៉ាលមួយក្រុម ដែលត្រូវបានគេស្គាល់ថា LHS 1140។

ម្យ៉ាងវិញទៀត ភពដែលនៅជិតផែនដីយើងនេះ មានចំងាយនៅជិត ក្រុមផ្កាយដាច់ស្រយ៉ាលរបស់វាខ្លាំង មែនទែន ដែលជាហេតុធ្វើអោយវាប្រើប្រាស់តែរយៈពេល២៥ថ្ងៃប៉ុណ្ណោះដើម្បីវិលជុំវិញផ្កាយរបស់វា។

គួរបញ្ជាក់ដែរថា ភពនេះអាចជា​ភពថ្មដូចនឹងភពផែនដី​យើង តែគ្រាន់តែទំហំធំ​ជាងស្ថិតនៅតំបន់​ដ៏ត្រឹម​ត្រូវមួយ (មិនឆ្ងាយពេក និងមិនជិតពេក) ពីផ្កាយរបស់វា ដែលអាចរក្សាបរិយាកាសបានយ៉ាងល្អ។ ទោះបីជា​យ៉ាងណាក៏ដោយ ព័ត៌មានបន្ថែមពីភពនេះ អ្នកវិទ្យាសាស្ត្រកំពុងតែព្យាយាមប្រមូលយក និងផ្សព្វផ្សាបន្ថែមនាពេលក្រោយ៕