(មូស្គូ)៖ ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី ប្រឆាំងយន្ដហោះ និងមីស៊ីល S-400 នឹងត្រូវប្រគល់ឱ្យចិន ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទីក្រុង ប៉េកាំង បានចុះហត្ថាលេខាលើកិច្ចសន្យាទិញតម្លៃជាង ៣ពាន់លានដុល្លារពីរុស្ស៊ីកាលពីឆ្នាំ២០១៥។ នេះបើតាមការិយាល័យសហព័ន្ធរុស្ស៊ី សម្រាប់ប្រតិបត្តិ ការយោធា និងបច្ចេកវិទ្យា FSVTS ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។

ព័ត៌មានពីការប្រគល់ S-400ទៅឱ្យចិន លេចលឺឡើង ចំពេលសហរដ្ឋអាមេរិក កំពុងដំណើរការនិតិវិធី តំឡើងប្រព័ន្ធខែល ការពារមីស៊ីល អាមេរិក THAAD នៅលើទឹកដីកូរ៉េខាងត្បូង ដែលចិនចាត់ទុកថាជាគ្រោះថ្នាក់ សម្រាប់ខ្លួន នៅថ្ងៃណាមួយ។ ដោយឡែក បើតាម FSVTS ចិននឹង កា្លយជាអតិថិជនបរទេសដំបូងគេបំផុត ដែលបានទិញ S-400 ពីរុស្ស៊ី ក្នុងតម្លៃជាង៣ពាន់លានដុល្លារ ត្បិតបច្ចុប្បន្នប្រព័ន្ធមីស៊ីលដ៏មានឥទ្ធិពល នេះឈរជើងតែនៅ រុស្ស៊ី ប៊ែលឡារុស្ស៊ី (Belarussia) ស៊ីរីប៉ុណ្ណោះ។ លើសពីនេះទៅទៀត ក្រៅតែពីចិន ឥណ្ឌាក៏បានឈានដល់កិច្ចព្រម ព្រៀងទិញប្រព័ន្ធមីស៊ីលនេះដែរ ខណៈតួកគី កំពុងស្ថិតនៅក្នុងដំណាក់កាលចរចាចុងក្រោយដើម្បីទិញ S-400។

គួរបញ្ជាក់ថា S-400 គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាស មានសមត្ថភាពបាញ់ទម្លាក់យន្ដហោះចម្បាំង យន្ដហោះ គ្មានមនុស្សបើក (Drone) និង មីស៊ីលបាញ់ចេញពីនាវាមុជទឹក ហើយវាអាចបាញ់គ្រាប់មីស៊ីល៧២គ្រាប់ ក្នុងពេលតែមួយ លើគោលដៅ៣៦ ដែលវាចាប់សញ្ញាណបាននៅ ចំងាយ៦០០គីឡូម៉ែត្រ៕