(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson បានថ្លែងឲ្យដឹងថាទីក្រុងវ៉ាស៊ីនតោន​ មិនដកជម្រើសនៃ​ការ​ចរ​ចា​​គ្នា​ដោយផ្ទាល់ទល់មុខគ្នាជាមួយកូរ៉េខាងជើង ជុំវិញបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោង របស់រដ្ឋកុម្មុនិស្តនេះ ចេញនោះឡើយ។ នេះ​​បើ​​តាម​​ការ​​ចេញ​​ផ្សាយ​​ដោយ​សារ​ព័ត៌​មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក National Public Radio លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋ អាមេរិកបានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ជាក់ស្តែង ជម្រើសនៃការចរចាគ្នាដោយផ្ទាល់នេះ គឺជាមធ្យោបាយដែលយើង ចង់យកមកដោះស្រាយបញ្ហាដ៏​ក្តៅគគុកនេះទៅវិញទេ» បន្ទាប់ពីត្រូវបានចោទសួរថាតើទីក្រុងវ៉ាស៊ីនតោន មានព្យាយាមស្វែងរកការជជែកទល់មុខគ្នាជាមួយទីក្រុង​ព្យុងយ៉ាងដែរឬយ៉ាងណានោះ។

លោក Tillerson បានបន្ថែមថា «ក៏ប៉ុន្តែកូរ៉េខាងជើង ត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯងផ្ទាល់ថា តើពួកគេបានត្រៀមខ្លួន រួចហើយ​ឬនៅ ក្នុងការចូលមកអង្គុយតុចរចាជាមួយយើង ដើម្បីពិភាក្សាអំពីរបៀបវារៈដែលត្រឹមត្រូវ ហើយវា​មិន​មែន​គ្រាន់​តែ សម្រាប់​បញ្ឈប់សកម្ម​ភាព​របស់​ពួក​គេ​ក្នុង​រយៈពេលប៉ុន្មានខែឬប៉ុន្មានឆ្នាំខាងមុខ ហើយងាកទៅបន្តប្រព្រឹត្តខ្លួនដូចមុនទៀតប៉ុណ្ណោះនោះឡើយ»។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់លោក Rex Tillerson ត្រូវបានធ្វើឡើង បន្ទាប់ពីមានសេចក្តីប្រកាសថា រូបលោកនឹង អញ្ជើញជា​ប្រធាន​​នៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងញូយ៉ក) ដើម្បីជំរុញឲ្យ​មានការឆ្លើយតបតឹងរឹងខ្លាំងជាងមុន ចំពោះកូរ៉េខាងជើង និងដើម្បីដាក់សម្ពាធបន្ថែមទៅលើចិន ក្នុងការគ្រប់គ្រងក៏ដូចជាទប់ស្កាត់​ទង្វើ​របស់សម្ព័ន្ធយូរអង្វែងរបស់ខ្លួនមួយនេះ៕